មន្ទីរពិសោធន៍ DNA បង្កើតនៅស្នងការដ្ឋាននគរបាលជាតិ ងាយស្រួលក្នុងការបំបែកសំណុំរឿង

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃមន្ទីរពិសោធន៍ DNA ដើម្បីអាចឱ្យសមត្ថកិច្ចងាយស្រួលក្នុងការជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណជនល្មើស និងពន្លឿនការស៊ើបអង្កេត…។


បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរពិសោធន៍ DNA នេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់ កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។ ក្នុងនោះ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា មន្ទីរពិសោធន៍នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយការងាររបស់សមត្ថកិច្ច ដោយអាចកំណត់អត្តសញ្ញាណរបស់ជនល្មើស បញ្ជាក់ការទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ។

លោកក៏បាន​ឱ្យដឹងដែរថា មន្ទីរពិសោធន៍ ក៏អាចជួយពន្លឿនក្នុងការងារស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ កំណត់ភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌ និងសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការផងដែរ។ យ៉ាងណា ទោះបីមន្ទីរពិសោធន៍បានសម្ពោធហើយក៏ដោយ លោកក៏ណែនាំ​ឱ្យនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បន្តចុះត្រួតពិនិត្យរៀងរាល់៦ខែម្ដង បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន មន្ត្រីនៃស្នងការ និងត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ៕

You might like