អន្តរជាតិះ- ប្រទេសប៉ូឡូញ បានគំរាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅខែក្រោយនេះ ប្រសិនបើគាត់ពិតជាមកជំរំ Auschwitz មែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
– តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Wladyslaw Bartoszewski និយាយថា ប្រទេសរបស់លោកអាចនឹងចាប់ខ្លួនលោក Netanyahu តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ មកចូលរួមពិធីរម្លឹកខួប៨០ឆ្នាំនៃការរំដោះបានជំរំ Auschwitz ក្នុងប្រទេសប៉ូឡូញ។
– កាលពីខែវិច្ឆិកា ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ដោយលើកឡើងពីបទឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សា។
– ជុំវិញបញ្ហានេះ អ្នកការទូតកំពូលរបស់ទីក្រុងវ៉ាសូវីបញ្ជាក់ថា ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ប៉ូឡូញមានកាតព្វកិច្ច គោរពតាមបញ្ជារបស់ ICC។
– ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង២ ព្រមទាំងអតីតមេដឹកនាំក្រុមហាម៉ាស មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។
– ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានឆ្លើយតបដីកានេះដោយកំហឹង ដោយចាត់ទុកវាថាជារឿងគួរឲ្យអាម៉ាស់ និងមិនសមហេតុផលទាល់តែសោះ ប៉ុន្តែពលរដ្ឋហ្គាហ្សាសម្តែងសុទិដ្ឋិនិយមថា ដីកានេះនឹងជួយដល់ការបញ្ចប់អំពើហិង្សានិងធានាយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម៕
