បាងកក៖ ថៃបានប្រាប់របបយោធាមីយ៉ាន់ម៉ា ឬភូមាថា សមាជិកអាស៊ានចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់រួមបញ្ចូលនៅក្នុងការបោះឆ្នោត ដែលរដ្ឋាភិបាលយោធាគ្រោងនឹងរៀបចំនៅឆ្នាំក្រោយ បើទោះបីជាប្លុកក្នុងតំបន់ស្វែងរកជំហររួមមួយលើការបោះឆ្នោតក៏ដោយ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមវង្សា ថ្លែងកាលពីថ្ងៃសុក្រទី២០ ខែធ្នូកន្លងទៅ…។

លោក ម៉ារីស បាននិយាយនៅក្នុងបទសម្ភាសជាក្រុមនៅរាជធានីបាងកក បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគី និងអ្នកការទូតជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ថា៖«ប្រសិនបើមានការបោះឆ្នោត អាស៊ាននឹងចង់បានដំណើរការរួមបញ្ចូលមួយ ដែលរួមបញ្ចូលភាគីពាក់ព័ន្ធទាំងអស់»។ សូមជម្រាបថា ថៃក្នុងសប្តាហ៍នេះ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ពីរដាច់ដោយឡែកពីគ្នា ស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកិច្ចប្រជុំទីមួយមានការចូលរួមពីរបបយោធា និងប្រទេសជិតខាងរបស់ខ្លួនរួមមាន៖ ប្រទេសចិន បង់ក្លាដែស និងឥណ្ឌា បន្ទាប់មក..មួយទៀតគឺជាសមាជិកអាស៊ាន។ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានពន្យល់អ្នកចូលរួមសង្ខេប អំពីទិដ្ឋភាពនៃផែនទីបង្ហាញផ្លូវនយោបាយរបស់របបយោធា និងវឌ្ឍនភាពឆ្ពោះទៅរកការរៀបចំការបោះឆ្នោតមួយ។

ជុំវិញបញ្ហានេះ លោក ម៉ារីស បានគូសបញ្ជាក់ថា៖«ប្រទេសជិតខាងមីយ៉ាន់ម៉ា បានបញ្ជាក់ថា យើងគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយ ប៉ុន្តែការបោះឆ្នោតត្រូវតែរួមបញ្ចូលសម្រាប់អ្នកពាក់ព័ន្ធនានាក្នុងប្រទេស ដោយសង្កត់ធ្ងន់ថា ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ានឹងផ្តល់យោបល់ ប៉ុន្តែមិនជ្រៀតជ្រែកឡើយ»។ ប្រមុខការទូតរូបនេះដដែលបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក៏នឹងគាំទ្រដល់ផែនការសន្តិភាពមីយ៉ាន់ម៉ារបស់អាស៊ាន ដែលជាកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ទន្ទឹមនឹងនោះ មន្ត្រីក្រសួងការបរទេសថៃ លោក បូលប៊ុងសេ វ៉ាងផែន (Bolbongse Vangphaen) បាននិយាយថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដែលបានស្នើឡើង ក៏ជាផ្នែកមួយនៃការពិភាក្សាក្នុងចំណោមសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ដែលរបបយោធាមិនបានចូលរួមឡើយ។ លោកបាននិយាយថា ប្លុកនេះនៅតែរង់ចាំព័ត៌មានលម្អិតនៃការបោះឆ្នោតពីភាគីមីយ៉ាន់ម៉ា ដោយបន្ថែមថា អាស៊ានក៏នឹងត្រូវស្វែងរកជំហររួមមួយនៅលើសន្លឹកឆ្នោត ដែលបានស្នើឡើង ដោយមានការគាំទ្រពីប្រទេសធំៗក្នុងតំបន់ ដូចជាប្រទេសចិនជាដើម។

ក្រសួងការបរទេសចិន បានលើកឡើងកាលពីថ្ងៃសុក្រថា អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក ស៊ុន វៃទុង (Sun Weidong) បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅរាជធានីបាងកក ថា គ្រប់ភាគីគួរតែគាំទ្រមីយ៉ាន់ម៉ា ក្នុងការជំរុញដំណើរការសន្តិភាព និងការផ្សះផ្សារបស់ខ្លួន។ លោក ស៊ុន បាននិយាយថា ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា គួរតែដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដោយបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលក្លាយទៅជាការបះបោរប្រដាប់អាវុធដែលកំពុងរីករាលដាលពេញផ្ទៃប្រទេស៕


