អន្តរជាតិះ- ជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីជំងឺផ្តាសាយបក្សីឆ្លងមកមនុស្សក្នុងកម្រិតធ្ងន់ ជាហេតុបង្កក្តីបារម្ភយ៉ាងខ្លាំង។
– តាមការចុះផ្សាយរបស់ Straits Times នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, ករណីនេះកើតលើបុរសម្នាក់ក្នុងរដ្ឋ Louisiana ដែលត្រូវបានធ្វើតេស្តរកឃើញមានមេរោគ H5N1 ក្រោយប៉ះពាល់ជាមួយសត្វបក្សី ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយស្ថានភាពធ្ងន់ធ្ងរ។
– មន្ទីរសុខាភិបាលរដ្ឋ Louisiana បានឲ្យដឹងថា អ្នកជំងឺមានអាយុ៦៥ឆ្នាំ, គាត់កំពុងមានបញ្ហាផ្លូវដង្ហើមកម្រិតធ្ងន់ ហើយដោយសារតែវ័យចំណាស់ ដូចនេះគាត់កំពុងមានហានិភ័យខ្ពស់បំផុត។
– យ៉ាងណា មកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងខិតខំព្យាបាលអ្នកជំងឺឲ្យអស់ពីលទ្ធភាព ជាមួយក្តីសង្ឃឹមថា នឹងអាចជួយសង្គ្រោះជីវិតគាត់បាន។
– សូមជម្រាបថា ជំងឺគ្រុនផ្តាសាយបក្សី បានឆ្លងដល់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះ ជាង៨៦០ក្បាលក្នុងរដ្ឋចំនួន១៦ចាប់តាំងពីខែមីនាមក ហើយអាមេរិកបានសម្លាប់សត្វបក្សីចំនួន១២៣លានក្បាល ចាប់តាំងពីការផ្ទុះឡើងក្នុងឆ្នាំ២០២២។
– សូមបញ្ជាក់ថា H5N1 គឺឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វមានមេរោគ ហើយមានជំងឺចេញរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម និងឈានដល់រលាកសួត៕
