ភ្នំពេញ៖- រថយន្តម៉ាកមែរសឺដេសមួយគ្រឿងអ្នកបេីកបរបេីកលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករះស្ថានីយប្រេងសាំងបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងមានអ្នករងរបួសធ្ងន់និងស្រាល៥នាក់ ។
– ហេតុការណ៍នេះកើតឡើងនៅចំណុចការាសសាំងយីហោ ប៊ុនលី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
– ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកមែរសឺដែសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-8899 បេីកបរដោយបុរសវ័យចំណាស់ម្នាក់ និងអ្នករួមដំណើរមានគ្នា៤នាក់ទៀតហើយនិងកូនស្រីតូចម្នាក់ក្នុងនោះរងរបួសធ្ងន់ស្រ្តី២នាក់ ។
– ប្រភពដដែលបានបន្តថា ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែឃេីញអ្នកអូសរទេះអេតចាយអូសឆ្លងកាត់ពីមុខរថយន្ត ភ្លាមៗនោះស្រាប់តែឃេីញរថយន្ដបង្កខាងលើបានរេចង្កូតទៅផ្នែកខាងឆ្វេងក៏ជ្រុលទៅបុករះរបងដែកដែលឃាំងជំវិញការាសសាំងហេីយជ្រុលទៅបុកបង្គោលសសរការាសសាំងព្រមទាំងទូសំរាប់ចាក់សាំងខ្ទាតជាច្រេីនម៉ែត្រ តែសំណាងល្អមិនផ្ទុះឆាបឆេះនោះទេ ។
– ប្រភពបានបន្តទៀតថា ជនរងគ្រោះស្រ្តី២នាក់ដែលជិះក្នុងរថយន្ត ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជាចិនព្រះកុសុមៈ រីឯបុរសជាអ្នកបេីកបរត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់យកទៅប៉ុស្តិ៍ដើម្បីសួរនាំ។
– ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខភ្លាមៗហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែងនិងស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕

