អន្តរជាតិះ- ក្នុងសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងចាប់តាំងពីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី, លោក ដូណាល់ ត្រាំ ត្រូវបានអ្នកកាសែតសួរថាតើ លោកអញ្ជើញប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឲ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៅខែក្រោយដែរឬក៏អត់? លោក ត្រាំ ឆ្លើយថា «អត់ទេ! ខ្ញុំមិនបានអញ្ជើញគាត់ឡើយ ប៉ុន្តែបើគាត់ចង់មកចូលរួម ក៏មកចុះមិនអីទេ»។
– លោក ត្រាំ ត្រូវគេស្គាល់ថា ជាបុគ្គលដែលមិនសូវពេញចិត្តលោក ហ្សេលេនស្គី ឡើយ ហើយគាត់តែងតែប្រឆាំងចំពោះការផ្តល់ជំនួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទៅឲ្យអ៊ុយក្រែន ថែមទាំងធ្លាប់ប្រកាសថា រដ្ឋបាលអាមេរិកថ្មី នឹងកាត់ជំនួយដល់ទីក្រុងកៀវ ទៀតផង។
– ពាក់ព័ន្ធការអញ្ជើញមេដឹកនាំពិភពលោកឲ្យចូលរួមក្នុងពិធីសម្ពោធចូលកាន់តំណែងនោះ មានប្រភពជាច្រើនលើកឡើងថា លោក ត្រាំ ក៏អញ្ជើញប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យចូលរួមដែរ ដែលសំណើនេះ ធ្វើឡើងភ្លាមៗក្រោយពេលអ្នកសាធារណរដ្ឋ ជាប់ឆ្នោតខែវិច្ឆិកា ប៉ុន្តែគេមិនច្បាស់ឡើយថាតើ លោក ស៊ី ព្រមចូលរួមដែរឬក៏អត់?
– យ៉ាងណា តាមការចុះផ្សាយរបស់ CBS, ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក និងភរិយា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
– ក្នុងចំណោមមន្ត្រីផ្សេងទៀតដែលត្រូវបានអញ្ជើញ រួមមានប្រធានាធិបតីអាហ្សង់ទីន Javier Milei, នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni និងប្រធានាធិបតីអែលសាល់វ៉ាឌ័រ Nayib Bukele។
– សូមបញ្ជាក់ថា លោក ត្រាំ ដែលយកឈ្នះគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី កាម៉ាឡា ហារីស កាលពីខែមុន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ខែមករា ក្នុងពិធីសម្ពោធនៅវិមាន កាពីតូល ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៕
