រុស្ស៊ី គ្រោងបន្តកាត់យកទឹកដីបន្ថែមទៀត ដែលស្ថិតនៅជិតប្រទេសខ្លួន

អន្តរជាតិះ- ក្នុងសមាជគណបក្ស United Russia កាលពីចុងសប្តាហ៍ អតីតប្រធានាធិបតី Dmitry Medvedev បាននិយាយថា រុស្ស៊ីអាចកាត់យកទឹកដីបន្ថែមទៀតនាពេលអនាគត។

– ដោយមើលឃើញពីបទពិសោធន៍នៃការកាត់យកខេត្តចំនួន៤ ត្រឹមចុងឆ្នាំ២០២២, អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនិងជាប្រធានគណបក្ស United Russia រូបនេះលើកឡើងថា «ការកាត់ទឹកដីនឹងជួយដល់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍតំបន់ថ្មីដែលបានចូលរួមជាមួយប្រទេស។ ​យើងអាចកាត់យកតំបន់ថ្មីបន្ថែមទៀត ប្រសិន​បើ​តំបន់ទាំងនោះស្ថិតនៅជិតយើង ​វា​អាច​ទៅ​រួច​»។

– នៅឆ្នាំ២០២២ អតីតដែនដីអ៊ុយក្រែនចំនួន៤រួមទាំងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporizhzhia ផងនោះ បានធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែនហើយក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយមុន​នោះទៀត​គឺនៅ​ក្នុង​ឆ្នាំ​២០១៤ ប្រជាជន Crimea ​ក៏​បាន​បោះឆ្នោត​ចាកចេញ​ពី​អ៊ុយក្រែន​ទៅ​ចូល​រួម​ជាមួយ​រុស្ស៊ីដែរ។

– ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវ មិនដែលទទួលស្គាល់ភាពស្របច្បាប់នៃការធ្វើប្រជាមតិទាំងនោះទេ ខណៈអ៊ុយក្រែននៅតែ​បន្ត​ទាមទារ​សិទ្ធិ​អំណាច​លើ​ទឹកដី​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​កំពុងតស៊ូ​ដណ្តើម​យក​មកវិញ​ទាំងអស់​។

– នេះមិនមែនជាលើកទីមួយទេ ដែលលោក Medvedev និយាយអំពីលទ្ធភាពដែលរុស្ស៊ីអាចកាត់បញ្ចូលទឹកដីបន្ថែមទៀត។ ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ២០២៣ លោកប្រកាសថា ទីក្រុងមូស្គូនឹងឈ្នះសង្រ្គាម ហើយទឹកដីរបស់រុស្ស៊ីនឹងបន្តពង្រីកកាន់តែធំ។

– ជុំវិញបញ្ហាកាត់ទឹកដីនេះដែរ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានថ្លែងប្រាប់ទូរទស្សន៍ STVR កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ ថា សង្គ្រាមអ៊ុយក្រែននឹងចប់ នៅពេលទីក្រុងកៀវ យល់ព្រមកាត់ទឹកដីដែលបាត់បង់ហើយនោះ ទៅឲ្យរុស្ស៊ី។

– ក្នុងកិច្ចសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី RT, លោក Pellegrini និយាយថា «អ៊ុយក្រែនគ្មានថ្ងៃដណ្តើមយកទឹកដី Donetsk, Lugansk, Kherson, Zaporozhye និង Crimea ​មកវិញតាមរយៈការប្រើកម្លាំងនោះទេ។ នៅពេលនិយាយអំពីសន្តិភាព ខ្ញុំជឿថា យើងត្រូវទទួលស្គាល់ការពិត អ៊ុយក្រែននឹងមិនទទួលបានសន្តិភាពឡើយ បើមិនព្រមខាតទឹកដីខ្លះ»៕

You might like