អន្តរជាតិះ- ជារឿងដ៏តក់ស្លុតមួយ ដែលប្រទេសអូស្រ្តាលី ចេញមុខបញ្ជាក់ថា មេរោគកាចសាហាវមានអត្រាមរណៈខ្ពស់ផ្ទុកក្នុងដបជាង៣០០ បានបាត់ពីមន្ទីរពិសោធន៍រដ្ឋ Queensland។ នេះបើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤។
– តាមពិតទៅករណីបាត់នេះកើតឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែអាជ្ញាធរអូស្រ្តាលី ទើបចេញមុខបញ្ជាក់កាលពីដើមសប្តាហ៍នេះប៉ុណ្ណោះ នាំឲ្យគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំង។
– ក្នុងដបទាំង៣២៣នោះ គេបញ្ជាក់ថា មានផ្ទុកមេរោគកាចសាហាវចំនួន៣ប្រភេទដូចជា Hendra, Hantavirus និង Lyssavirus ដែលសុទ្ធសឹងមានអត្រាមរណភាពខ្ពស់។
– Hendra គឺជាមេរោគកម្រ ឆ្លងពីសត្វប្រចៀវមកមនុស្ស។ គិតត្រឹមពេលនេះ មានមនុស្សតែ៧នាក់ប៉ុណ្ណោះ បានឆ្លងជំងឺនេះ ប៉ុន្តែក្នុងនោះមាន ៥៧%ទៅហើយដែលបានស្លាប់។
– ចំណែក Hantavirus ជាមេរោគឆ្លងពីទឹកនោម ដំណក់ទឹក និងទឹកមាត់សត្វកណ្តុរ ហើយវាមានអត្រាមរណភាព ៣៨%។ រីឯ Lyssavirus ដូចជាជំងឺឆ្កែឆ្កួត ដែលឆ្លងពីថនិកសត្វទៅមនុស្ស។ បើមេរោគនេះឆ្លងហើយ ពុំមានវិធីព្យាបាលទេ ហើយអ្នកឆ្លងភាគច្រើនគឺស្លាប់។
– មន្ត្រីសុខាភិបាលអូស្រ្តាលីបញ្ជាក់ថា វីរុសទាំងនេះបានបាត់ចេញពីទូររក្សាសីតុណ្ហភាពត្រជាក់ នៅពេលទូរនេះខូច។ ប៉ុន្តែយ៉ាងណា ក្រុមមន្ត្រីក៏សង្ស័យដែរថា វីរុសទាំងនេះប្រហែលជាត្រូវផ្ទេរចេញទៅកន្លែងសម្ងាត់ ទើបមិនប្រកាសឲ្យដឹង។
– ស្របពេលជាមួយគ្នានោះ ប្រមុខសុខាភិបាលរដ្ឋ Queensland លោក John Gerrard បានអំពាវដល់ប្រជាជនកុំមានការព្រួយបារម្ភ ព្រោះថា មេរោគទាំងនោះនឹងមិនបង្កហានិភ័យទេ។ មេរោគនឹងមិនអាចរស់បានឡើយ បើវាចេញទៅប៉ះសីតុណ្ហភាពខាងក្រៅ។
– ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្រ្តាលី បានប្រកាសបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីរកឲ្យឃើញថាតើមានអ្វីកើតឡើង ហើយថាតើហេតុអ្វីបានជារឿងធំបែបនេះ ត្រូវគេលាក់ជិតអស់រយៈពេលច្រើនឆ្នាំមកនេះ៕
