អន្តរជាតិ៖ អ្នកឃ្លាំមើលសង្គ្រាមប្រឆាំងស៊ីរី បានអះអាងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ថា អ៊ីស្រាអែលបានវាយប្រហារតាមជើងអាកាសយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសស៊ីរី ដោយកងទ័ពបានរុលចូលកាន់តែជ្រៅទៅក្នុងប្រទេសនេះ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាសថា ពួកគេបានបំផ្លាញកងទ័ពជើងទឹករបស់ស៊ីរី…។
អ៊ីស្រាអែលបានទទួលស្គាល់ការលុកលុយចូលទៅក្នុងតំបន់ខ្ពស់រាបហ្គោឡាន (Golan) នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី បាសា អាសាដ (Bashar Assad)។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើទាហានអ៊ីស្រាអែលបានរុលចូលទៅហួសពីតំបន់ដែលត្រូវបានបង្កើតឡើងជាង៥០ឆ្នាំមុនឬយ៉ាងណា? អ៊ីស្រាអែលបានបដិសេធ ថា ខ្លួនមិនបានឈានទៅមុខលើរដ្ឋធានីដាម៉ាសរបស់ស៊ីរីឡើយ។ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារ ថាបានវាយប្រហារច្រើនជាង៣៥០លើកនៅក្នុងប្រទេសស៊ីរីត្រឹមរយៈពេល៤៨ម៉ោងចុងក្រោយដោយបានកម្ទេចឃ្លាំងអាវុធយុទ្ធសាស្ត្រភាគច្រើន ដើម្បីកុំឱ្យវាធ្លាក់ទៅក្នុងកណ្តាប់ដៃពួកជ្រុលនិយម។ គោលដៅសំខាន់ៗជាច្រើនដែលត្រូវបំផ្លាញរួមមាន៖ ប្រព័ន្ធការពារដែនអាកាស, អាកាសយានដ្ឋានយោធា, ឃ្លាំងផ្ទុកមីស៊ីល, និងកន្លែងផលិតអាវុធរាប់សិបកន្លែងក្នុងរដ្ឋធានីដាម៉ាស និងទីក្រុងផ្សេងៗទៀត។
កងទ័ពជើងទឹកអ៊ីស្រាអែល ក៏បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកស៊ីរីចំនួន២ ក្នុងពេលដំណាលគ្នាផងដែរ។ អ៊ីស្រាអែលមិនបានបញ្ជាក់ថា តើមាននាវាប៉ុន្មានគ្រឿងដែលខ្លួនបានវាយប្រហារនោះទេ? ប៉ុន្តែក្រុមហ៊ុនសន្តិសុខឯកជន Ambrey បានបង្ហាញថា ពួកគេបានឃើញភស្តុតាងមួយចំនួន ដោយយ៉ាងហោចណាស់មាននាវាមីស៊ីលសម័យសហភាពសូវៀតចំនួន៦គ្រឿងត្រូវបានវាយប្រហារ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ (Israel Katz) បាននិយាយថា អ៊ីស្រាអែលមានបំណងបង្កើតតំបន់គ្មានយោធានៅភាគខាងត្បូងប្រទេសស៊ីរី។ ថ្លែងនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Haifa លោក ខាត់ បាននិយាយថា កងទ័ពនឹងបង្កើតតំបន់ការពារដែលគ្មានអាវុធ និងការគំរាមកំហែងពីភេរវករនៅភាគខាងត្បូងប្រទេសស៊ីរី ដោយគ្មានវត្តមានរបស់អ៊ីស្រាអែលជាអចិន្ត្រៃយ៍ ដើម្បីទប់ស្កាត់អំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី។
លោកក៏បានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីអ្វីដែលពាក់ព័ន្ធ ប៉ុន្តែបានព្រមានក្រុមឧទ្ទាមស៊ីរីថា៖«នរណាដែលដើរតាមផ្លូវរបស់លោក អាសាដ នឹងត្រូវបញ្ចប់ដូចលោក អាសាដអ៊ីចឹង។ យើងនឹងមិនអនុញ្ញាតឱ្យក្រុមភេរវជនអ៊ិស្លាមជ្រុលនិយម ធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែលឡើយ»។ អ៊ីស្រាអែល ក៏បានព្រមានជាយូរមកហើយថា ព្រំដែនស៊ីរី-លីបង់ អាចត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធអាវុធទៅឱ្យពួកសកម្មប្រយុទ្ធហេស្សបូឡាហ៍។ យ៉ាងណាមិញ អ៊ីស្រាអែល បានច្រានចោលរបាយការណ៍ថា រថក្រោះអ៊ីស្រាអែលកំពុងបោះពួយឆ្ពោះទៅកាន់រដ្ឋធានីដាម៉ាស ប៉ុន្តែបានទទួលស្គាល់ថា ទាហានរបស់ខ្លួនកំពុងឈរជើងក្នុងតំបន់ខ្ពស់រាបហ្គោឡាន (Golan) នៅក្នុងប្រទេសស៊ីរី។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមបះបោរ ដឹកនាំដោយក្រុម Hayat Tahrir al-Sham ឬ HTS ដែលបានគ្រប់គ្រងប្រទេសស៊ីរីភាគច្រើននោះទេ។
ការឈានទៅមុខលឿនដូចផ្លេកបន្ទោររបស់ពួកគេ បាននាំមកនូវការបញ្ចប់ការគ្រប់គ្រងរយៈពេលកន្លះសតវត្សរ៍របស់គ្រួសារ អាសាដ បន្ទាប់ពីមានសង្គ្រាមស៊ីវិលជិត១៤ឆ្នាំ ដោយបន្សល់ទុកនូវសំណួរជាច្រើនអំពីអ្វីដែលបាននិងកំពុងកើតឡើងបន្ទាប់ទៀត។ អេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការលុកលុយរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថាបានកេងប្រវ័ញ្ចភាពច្របូកច្របល់នៅក្នុងប្រទេសស៊ីរី និងបំពានច្បាប់អន្តរជាតិ។ ប្រទេសតួកគី ជាអ្នកគាំទ្រដ៏សំខាន់នៃក្រុមប្រឆាំងស៊ីរី ចំពោះលោក អាសាដ ក៏បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) កាលពីថ្ងៃចន្ទ បាននិយាយថា ការលុកលុយរបស់អ៊ីស្រាអែល គឺជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ១៩៧៤៕



