ភ្នំពេញ៖ តំណាងក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន ដែលហៅកាត់ថា(CCECC) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញបំណងចង់ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ដ្រ និងការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម..។

ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិនតាមរយៈ លោក Sun Xiangchun ប្រធានក្រុមប្រឹក្សាភិបាលនិងសហការី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនធំៗចំនួន៣។ គោលបំណងទាំងនោះរួមមាន៖ ទី១. ជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ដ្រ និងការគ្រប់គ្រងទឹក។ ទី២. ស្វែងរកយន្តការសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយមលើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្រ និងទី៣. ជួយធ្វើការសិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គមាននិរន្តរភាព។

ជាការឆ្លើយតប លោក ថោ ជេដ្ឋា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ទន្ទឹមគ្នានោះលោកបាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបាន បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន ជាសហគ្រាសខ្នាតធំរបស់រដ្ឋាភិបាលចិន ដែលបានបង្កើតឡើងក្នុង ឆ្នាំ១៩៧៩។ ក្រុមហ៊ុននេះ មានទីស្នាក់ការតំណាង ឬការិយាល័យគ្រប់គ្រងគម្រោងក្នុងប្រទេស និងតំបន់ចំនួន១១០។ នៅកម្ពុជា ក្រុមហ៊ុនអនុវត្តគម្រោងចំនួន៥ ក្នុងនោះគម្រោងចំនួន២ បានបញ្ចប់រួចរាល់ ចំណែកគម្រោងចំនួន៣ ទៀតកំពុងអនុវត្ត រួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គម្រោងសាងសង់សំណង់អគារនៅតាមបណ្តោយកំពង់ផែភ្នំពេញ និងគម្រោងសាងសង់បង្គោលអង់តែនទូរគមនាគមន៍៕


