កម្ពុជាបានចំណូលជាង៤០០លានដុល្លារ ពីការនាំចេញអង្ករ​ក្នុងពេល១១ខែ

ភ្នំពេញ៖​​​ រយៈពេល១១ខែ គឺពីខែមករា ដល់ខែវិច្ជិកា ឆ្នាំ២០២៤​ កម្ពុជាទទួលបានចំណូល៤១៣,៩លានដុល្លារ ពីការនាំអង្ករចេញទៅកាន់ទីផ្សារបរទេស។ រយៈពេល១១ដូចគ្នា ក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល៤២០,៨១លានដុល្លារ ដោយចំណូលនេះ ថយចុះ៦,៩១លានដុល្លារ…។

សហព័ន្ធស្រូវអង្ករកម្ពុជា​​ បានគូសបញ្ជាក់ថា​​​ ១១ខែនៃឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានជាង​៥,៧សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៧គោលដៅ​​ ដោយក្នុងនោះ នទៅកាន់ទ្វីបអឺរ៉ុបចំនួនជាង២,៨សែនតោន​​ សរុបជាទឹកប្រាក់ជាង២០៧លានដុល្លារ, ទៅកាន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ចំនួន៦,៨ម៉ឺនតោន ក្នុងទឹកប្រាក់ជាង៦០លានដុល្លារ, ទៅកាន់ប្រទេសសមាជិកអាស៊ាន ចំនួនជាង១,១សែនតោន ​គិតជាទឹកប្រាក់ជាង ៧៦លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនូនជាង១សែនតោន គិតជាទឹកប្រាក់​​ជិត៧០លានដុល្លារ។

សហព័ន្ធស្រូវអង្ករ បានឱ្យដឹងបន្តថា​​ ​ប្រភេទអង្ករនាំចេញរួមមាន​​​ អង្ករក្រអូបគ្រប់ប្រភេទចំនួនជាង៧៤ភាគរយ អង្ករសគ្រាប់វែងជាង២០ភាគរយ អង្ករចំហុយជិត៣ភាគរយ អង្ករ​សរីរាង្គជិត២ភាគរយ ព្រមទាំងអង្ករផ្សេងៗទៀតចំនួន ០,២៩ភាគរយ។​​ ក្នុងនោះ​​ចំនួន៨៨ភាគរយបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

 

You might like