សៀមរាប៖ ដើម្បីចូលរួមអបអរសាទរខួប៣២ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានរៀបចំពិធី «បុណ្យរំលឹកគុណអង្គរ» ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ…។
អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី៥ធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា បុណ្យរំលឹកគុណអង្គរនេះ នឹងមានប្រារព្ធធ្វើពិធីសាសនា ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានាដែលនឹងបើកជូនឱ្យមហាជនចូលរួមទស្សនាដោយសេរីទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមាន៖ នៅថ្ងៃទី១៤វេលាម៉ោង៧ព្រឹកចាប់ផ្តើមបើកពិធី ដោយមានការរាប់បាត្រព្រះសង្ឃចំនួន១៣២អង្គនៅបរិវេណមុខប្រាសាទអង្គរវត្ត។ វេលាម៉ោង២រសៀលជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទនៅមុខប្រាសាទអង្គរវត្តសម្រាប់ការចូលរួមពិធីដង្ហែហើយនៅម៉ោងដដែលនៅបរិវេណជុំវិញប្រាសាទបាយ័នក៏មានការជួបជុំពុទ្ធបរិស័ទដើម្បីទទួលពុទ្ធដំណើរ និងបាចផ្កាភ្ញីសម្រាប់ការបូជាផងដែរ។
អាជ្ញាធរជាតិអប្សរា បន្តថាម៉ោង២និង៣០នាទី ចាប់ផ្តើមធ្វើពិធីដង្ហែព្រះពុទ្ធរូប៩អង្គពីបរិវេណមុខប្រាសាទអង្គរវត្តឆ្ពោះទៅប្រាសាទបាយ័ន និងតម្កល់ព្រះពុទ្ធរូបនៅឧបោសថាគារព្រះអង្គងោកនៃក្រុងអង្គរធំរយៈពេល២យប់៣ថ្ងៃ។ ម៉ោង៤រសៀលចាប់ផ្តើមពិធីពុទ្ធាភិសេក និងបូជាគ្រឿងសក្ការៈនៅឧបោសថាគារព្រះអង្គងោកនៃក្រុងអង្គរធំ។ ម៉ោង៦ល្ងាចមានព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៥» នៅព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ រីឯថ្ងៃទី១៥ម៉ោង៤រសៀល ធ្វើពិធីសមាធិ និងផ្សាយមេត្តាចិត្តឧទ្ទិសកុសលនៅបរិវេណខាងមុខប្រាសាទភ្នំបាខែង។ ម៉ោង៦ល្ងាចមានការសម្តែងសិល្បៈល្ខោនយីកេមហាជន នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ការសម្តែងសិល្បៈល្ខោនស្បែកធំដោយក្រុមសិល្បៈវត្តរាជបូណ៌នៅបរិវេណផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដោយទ្បែកថ្ងៃទី១៦នៅវេលាម៉ោង៤ល្ងាច ធ្វើពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប៩អង្គនៅឧបោសថាគារព្រះអង្គងោកនៃក្រុងអង្គរធំ។ ម៉ោង៦ល្ងាចការសម្តែងសិល្បះល្ខោនខោលនៅព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏នឹងមានរៀបចំពិព័រណ៍សមិទ្ធផលការងារជូនសាធារណជនទស្សនា និងស្វែងយល់ចាប់ពីថ្ងៃទី១៤ដល់២១ធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ សូមជម្រាបថា ពិធីបុណ្យរំលឹកគុណអង្គរត្រូវបានប្រារព្ធឡើងជាលើកដំបូង កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៦ធ្នូ ឆ្នាំ២០២១ ហើយការធ្វើក្នុងឆ្នាំ២០២៤នេះជាលើកទី៤៕


