ខណៈជិតបញ្ចប់អណត្តិការងារ ឯកអគ្គរដ្ឋទូតឥណ្ឌា បានចុះអនុស្សរណៈមួយបន្ថែមទៀត ជាមួយកម្ពុជា

ភ្នំពេញ៖ ខណៈនឹងបញ្ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) មួយបន្ថែមទៀតជាមួយកម្ពុជា។ MoU នោះ ពាក់ព័ន្ធនឹង«កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស(QIP)នៅកម្ពុជា»…។

ការចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ រវាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ទេវីនី ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ក្នុងពិធីនោះ លោកស្រីបានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការបន្តជួយគាំទ្រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ដាច់ស្រយាល ជាក់ស្តែងដូចជាការចុះអនុស្សរណៈយោគយល់គ្នានេះ ជាដើម។

លោក ហង់ជួន ណារ៉ុន បានអរគុណលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងការចុះអនុស្សរណៈនេះ និងអរគុណចំពោះការបន្តផ្តល់ជំនួយឥតសំណងដល់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាច្រើនស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ដែលបានផ្តល់អាហារូបករណ៍ ជួសជុល និងសាងសង់សាលារៀនជាច្រើនកន្លងមក។ គួរបញ្ជាក់ថា គម្រោងដែលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសឥណ្ឌា នាពេលនេះមានចំនួន៣។ គម្រោងទី១៖ ជាគម្រោងទឹកស្អាត និងអនាម័យ ឆ្នាំ២០២៤-២០២៥ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ គម្រោងទី២៖ គឺជាការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ ឆ្នាំ២០២៤-២០២៥ នៅក្នុងខេត្តព្រៃវែង។ គម្រោងទី៣៖ គឺជាការអភិវឌ្ឍសាលាស្តង់ដាគំរូនៅសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ឥណ្ឌា ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

You might like