ជនពិការភាពប្រមាណ៩ពាន់់នាក់ បានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន

ភ្នំពេញ​៖ ក្នុងឱកាសអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបដិវត្តកម្មឌីជីថល» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារលិខិតអបអរសាទរ ព្រមទាំងរំលេចក្នុងសារលិខិតថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ជនមានពិការភាពប្រមាណ៩០០០នាក់ បានចូលបំពេញការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាទៅតាមតួនាទី…។

សារលិខិតរបស់សម្តេចធិបតី បានឱ្យដឹងថា ប្រធានបទខាងលើ មានគោលបំណងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាពទៅក្នុងប្រព័ន្ធឧស្សាហកម្មទំនើបជំនាន់ទី៤ ដោយផ្លាស់ប្ដូរវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាកម្មឱ្យកាន់តែប្រសើរជាងមុន។ មួយវិញទៀត ក្នុងលិខិតក៏បានឱ្យដឹងដែរថា កម្ពុជាបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព និងសិទ្ធិជនមានពិការភាពគ្រប់រូបភាពដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយនោះឡើយ។

គិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារបានជាង៣៨០០នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ធ្ងរមានប្រមាណ២៣០០នាក់។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរោងចក្រ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន៥៦៨៤នាក់ ស្ត្រីមានពិការភាពចំនួន៣៥៧៨នាក់​ ខណៈសរុបទាំងក្រសួង ស្ថាប័ន រដ្ឋ និងវិស័យឯកជនទូទាំងប្រទេស មានចំនួន៩៥០០នាក់ ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារស្របតាម សមត្ថភាពនិងទេពកោសល្យរៀងៗខ្លួន។

ដើម្បីឱ្យការយកចិត្តទុកដាក់លើជនមានពិការភាពកាន់តែមានភាពប្រសើរឡើង សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រប់ក្រសួង ស្ថាប័ន ដែលមានការទទួលខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណនានា ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើងបានដោយងាយស្រួល។ រីឯ ក្រសួងសុខាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មានឧបសគ្គ ឬការរើសអើង៕

You might like