ស្តុកខុល៖ សង្រ្គាមនៅអ៊ុយក្រែន និងហ្កាហ្សា និងភាពតានតឹងជាសាកលកាន់តែទូលំទូលាយបានធ្វើឱ្យក្រុមហ៊ុនផលិតអាវុធធំៗរកស៊ីកាក់កបកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលគួរឱ្យកត់សម្គាល់សម្រាប់ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងមជ្ឈិមបូព៌ា។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុលឬហៅកាត់ជាភាសាអង់គ្លេសថា SIPRI។

យោងតាមរបាយការណ៍របស់ SIPRI ការលក់អាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនផលិតឧបករណ៍ការពារធំបំផុតទាំង១០០ របស់ពិភពលោកបានកើនឡើង៤,២ ភាគរយក្នុងឆ្នាំ២០២៣ ដល់ចំនួន៦៣២ ពាន់លានដុល្លារ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីការធ្លាក់ចុះ៣,៥ ភាគរយក្នុងឆ្នាំ២០២២ ដែល SIPRI បានស្តីបន្ទោសលើកង្វះកម្លាំងពលកម្ម ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃថ្លៃដើម ដែលធ្វើឱ្យវាពិបាកសម្រាប់ក្រុមហ៊ុនជាច្រើនក្នុងការបំពេញតម្រូវការកើនឡើងដែលជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នៅក្នុងសញ្ញានៃការកើនឡើងនៃតម្រូវការ ក្រុមហ៊ុនទាំង១០០ អាចរកចំណូលបានលើសពី១ ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោក ឡូរេនហ្សូ ស្ការ៉ាហ្សាតូ (Lorenzo Scarazzato) អ្នកស្រាវជ្រាវនៅ SIPRI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មានការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលនៅក្នុងឆ្នាំ២០២៣ ហើយនេះទំនងជានឹងបន្តនៅឆ្នាំ២០២៤។ ការលក់ពីក្រុមហ៊ុនអាវុធកំពូលទាំង ១០០ របស់ពិភពលោកនៅតែមិនឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទំហំនៃតម្រូវការ ហើយក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមដំណើរការជ្រើសរើសបុគ្គលិក ដោយបង្ហាញថាពួកគេមានសុទិដ្ឋិនិយមចំពោះការលក់នាពេលអនាគត»។

កាលពីដើមឆ្នាំនេះ SIPRI បានរាយការណ៍ពីការកើនឡើង៧ ភាគរយនៃការចំណាយលើវិស័យយោធាពិភពលោកក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០០៩ ។ ក្នុងចំណោមក្រុមហ៊ុនផលិតឈានមុខគេ ក្រុមហ៊ុនអាម៉េរិកបានកត់ត្រាការកើនឡើង២,៥ ភាគរយនៃការលក់របស់ពួកគេកាលពីឆ្នាំមុន ហើយនៅតែមានប្រាក់ចំណូលពាក់កណ្តាលនៃការលក់អាវុធរបស់ពិភពលោក ដោយមានក្រុមហ៊ុនផលិតអាវុធអាម៉េរិកចំនួន៤១ ក្នុងចំណោម១០០ របស់ពិភពលោក។

នៅក្នុងទ្វីបអឺរ៉ុប ដែលជាផ្ទះរបស់ក្រុមហ៊ុនផលិតអាវុធ២៧ ក្នុងចំណោម ១០០ ជាមធ្យម បានកើនឡើងត្រឹមតែ ០,២ ភាគរយ ហើយរកចំណូលបានប្រហែល១៣៣ ពាន់លានដុល្លារ។ SIPRI បានកត់សម្គាល់ថា៖«ក្នុងពេលជាមួយគ្នានេះ ផលិតករអឺរ៉ុបមួយចំនួនផ្សេងទៀតបានមើលឃើញថា ប្រាក់ចំណូលអាវុធរបស់ពួកគេកើនឡើងយ៉ាងខ្លាំង ដែលត្រូវបានជំរុញដោយតម្រូវការដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ជាពិសេសសម្រាប់គ្រាប់កាំភ្លើង កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស និងផ្លូវគោក»។

បើតាមវិទ្យាស្ថាន ក្រុមហ៊ុនផលិតតូចៗមានប្រសិទ្ធភាពជាងក្នុងការបំពេញតម្រូវការដែលភ្ជាប់ទៅនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីបូព៌ា និងកម្មវិធីជួសជុលអាវុធនៅក្នុងតំបន់ផ្សេងទៀត។ ក្រុមហ៊ុនផលិតតូចៗមានប្រសិទ្ធភាពជាងដោយហេតុថាក្រុមហ៊ុនធំៗ ពឹងផ្អែកច្រើនទៅលើក្រុមហ៊ុនដៃគូ ដែលជាអ្នកផ្គត់ផ្គង់គ្រឿងផ្គុំ។ ជាក់ស្តែង ក្រុមហ៊ុនខ្នាតយក្ស Lockheed Martin និង RTX ដែលពីមុនជាក្រុមហ៊ុន Raytheon Technologies ដែលជាក្រុមហ៊ុនផលិតអាវុធដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលចំនួន១,៦ ភាគរយនិង១,៣ ភាគរយរៀងគ្នា។

តួលេខសម្រាប់រុស្ស៊ី ទោះបីជាមិនពេញលេញក៏ដោយ ផ្តល់សញ្ញាច្បាស់លាស់នៃសេដ្ឋកិច្ចសង្រ្គាមរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។ ការលក់អាវុធដោយក្រុមរុស្ស៊ីទាំង២ បានកើនឡើង៤០ ភាគរយ ជាចម្បងដោយសារការកើនឡើង៤៩ ភាគរយនៃការលក់សម្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Rostec។ នេះបើយោងតាមរបាយការណ៍។ ដោយឡែក ក្រុមហ៊ុនការពារជាតិតួកគីចំនួន៣ ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ៏ល្បីល្បាញ Baykar, Aselsan និង Turkish Aerospace Industries (TAI) បានឃើញការលក់របស់ពួកគេកើនឡើង ២៤ ភាគរយដល់ប្រហែល ៦ ពាន់លានដុល្លារ។ នោះត្រូវបានជំរុញដោយការនាំចេញដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងពីការបន្តជំរុញរបស់រដ្ឋាភិបាលតួកគីឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងក្នុងការផលិតអាវុធ។
ក្រុមហ៊ុនផលិតអាវុធនៅមជ្ឈិមបូព៌ាត្រូវបានជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន និងដោយការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ហើយជាមធ្យមឃើញថាការលក់កើនឡើង១៨ ភាគរយ។ ក្រុមហ៊ុនផលិតរបស់អ៊ីស្រាអែលទាំង៣ បានកត់ត្រាការលក់កំណត់ត្រាចំនួន១៣,៦ ពាន់លានដុល្លារ កើនឡើង១៥ ភាគរយពីឆ្នាំមុន។ ដោយឡែក នៅក្នុងទ្វីបអាស៊ី និន្នាការនៃកំណើនការផលិតអាវុធជាភស្តុតាងបង្ហាញពីកំណើននៃការលក់ដោយក្រុមហ៊ុនផលិតកូរ៉េខាងត្បូងទាំង៤ ដោយប្រាក់ចំណូលកើនឡើងជាមធ្យម៣៩ ភាគរយ និងក្រុមហ៊ុនជប៉ុនចំនួន៥ ដែលមានការកើនឡើងជាមធ្យម៣៥ ភាគរយ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរបស់ចិនទាំង៩ បានឃើញប្រាក់ចំណូលកើនឡើងត្រឹមតែ០,៧ ភាគរយ ចំពេលមានសេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែការលក់របស់ពួកគេនៅតែមានចំនួនសរុប ១០៣ ពាន់លានដុល្លារ៕


