ក្នុងក្របខ័ណ្ឌបុគ្គល! សម្តេចតេជោ ត្រូវចាត់ទុកជាមិត្តប្រទេសចិន និងប្រជាជនចិន

ភ្នំពេញ៖ តាមរយៈជំនួបទ្វេភាគី កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា«ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន»។

ភាគីចិនតាមរយៈ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានបក្សកាន់អំណាចកម្ពុជា និងគណៈប្រតិភូដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ រយៈពេល៣ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានោះ ចិនបានកោតសរសើរចំពោះការបន្តវេន នៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយបញ្ជាក់ថា ចិន ​បន្តគាំទ្រគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។ មិនតែប៉ុណ្ណោះភាគីចិន បានសន្យាថានឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។

ក្រៅតែពីការជជែកពិភាក្សាក្នុងក្របខ័ណ្ឌទ្វេភាគី គណៈប្រតិភូកម្ពុជា និងភាគីចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ក្នុងជំនួបដដែលនោះ ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈភាគីទាំងពីរបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។

ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធានព្រឹទ្ធសភា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ក្នុងយុគសម័យថ្មី៕

You might like