នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សនសៃ ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅពេលខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ…។

លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ 
លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាមួយលោកស្រី វណ្ណដាឡា ស៊ីផាន់ដន ជាភរិយា ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងពេលអញ្ជើញមកដល់ លោកនឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រួមជាមួយជំនួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

រូបតំណាង៖ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍  កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
រូបតំណាង៖ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍  កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

លោកក៏នឹងចូលជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លើការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា ថានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅឡាវ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី សនសៃ ស៊ីផាន់ដន៕

You might like