បៃឌិនសង្ឃឹមថា លោក ត្រាំ គិតគូរឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៊ិក និងកាណាដា

វ៉ាស៊ីនតោន​​៖ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិទី២៨វិច្ឆិកា បាននិយាយថា លោកសង្ឃឹមលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងគិតឡើងវិញនូវផែនការដាក់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា ដោយនិយាយថា វាអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ…។

លោក បៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងណាន់ទូកេត រដ្ឋម៉ាសាឈូសេត ថា៖«ខ្ញុំសង្ឃឹមថាគាត់នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងមិនសមហេតុផលដែលត្រូវធ្វើ។ យើងត្រូវបានហ៊ុមព័ទ្ធដោយមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លង់ទិក និងសម្ព័ន្ធមិត្តពីរគឺម៉ិកស៊ិក និងកាណាដា។ ហើយរឿងចុងក្រោយដែលយើងត្រូវធ្វើគឺចាប់ផ្តើមពង្រឹងទំនាក់ទំនងទាំងនោះ»។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌា ស៊ីនបាម (Claudia Sheinbaum) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមិនបានពិភាក្សាជាពិសេសអំពីពន្ធនៅក្នុងការហៅទូរសព្ទជាមួយ ត្រាំ កាលពីថ្ងៃពុធទេ ដោយបន្ថែមថាអ្នកទាំងពីរបានយល់ព្រមថានឹងមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការហៅទូរសព្ទ លោក ត្រាំ បានឱ្យដឹងថា៖«លោកស្រី ស៊ីនបាម បានយល់ព្រមបញ្ឈប់ការធ្វើចំណាកស្រុកតាមរយៈម៉ិកស៊ិក និងចូលទៅក្នុងសហរដ្ឋអាម៉េរិក ដោយបិទព្រំដែនភាគខាងត្បូងរបស់យើងប្រកបដោយប្រសិទ្ធភាព»។ គួររំឭកថា លោក ត្រាំ កាលពីថ្ងៃចន្ទបានប្រកាសថា លោកនឹងដាក់ពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ប្រទេសទាំង២ ទប់ស្កាត់រំហូរគ្រឿងញៀន និងជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនចូលសហរដ្ឋអាម៉េរិក៕

លោកស្រី ក្លូឌា ស៊ីនបាម (Claudia Sheinbaum)
លោកស្រី ក្លូឌា ស៊ីនបាម (Claudia Sheinbaum)
លោក ដូណាល់ ត្រាំ

You might like