វ៉ាស៊ីនតោន៖ ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់ស្រោចអាវុធអាម៉េរិកចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី មិនបានបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរឡើយ បើទោះជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចេញសេចក្ដីថ្លែងការណ៍ព្រមានគំរាមវាយប្រហារឥតល្ហែរក៏ដោយ។ នេះជាការលើកឡើងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាម៉េរិក…។
មន្ត្រីជាន់ខ្ពស់អាម៉េរិកពីររូប សមាជិកសភា និងជំនួយការសភាពីររូប បានអះអាងសង្ខេបអំពីបញ្ហានេះថា រុស្ស៊ីទំនងជានឹងពង្រីកយុទ្ធនាការនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅរបស់អឺរ៉ុប ដើម្បីបង្កើនសម្ពាធលើលោកខាងលិច ជុំវិញការគាំទ្រលើរដ្ឋធានីកៀវ។ ការវាយតម្លៃជាបន្តបន្ទាប់នៃការស៊ើបការណ៍សម្ងាត់ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ បានបង្ហាញថា ការឡើងកម្តៅនៃសង្គ្រាមនុយក្លេអ៊ែរទំនងជាមិនកើតឡើងទេ។

ជំនួយការសភាម្នាក់បានសង្ខេបថា៖«ការវាយប្រហារត្រឹមមីស៊ីល ATACMs នឹងមិនអនុញ្ញាតឱ្យរុស្ស៊ីវាយប្រហារនុយក្លេរអ៊ែរនោះទេ»។ ទន្ទឹមគ្នា មន្ត្រីអាម៉េរិកម្នាក់ក្នុងចំណោម៥នាក់បញ្ជាក់ថា រុស្ស៊ីនឹងមិនស្វែងរកការកើនឡើងភាពតានតឹងនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ។ ជារួម មន្ត្រីអាម៉េរិកបានអះអាងថា ការស៊ើបការណ៍សម្ងាត់បានជួយវែកញែកជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងរដ្ឋបាលលោក ចូ បៃឌិន។ មែនទែនទៅ ការទម្លាយចេញនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក កើតឡើងចំពេលមានការព្រួយបារម្ភអំពីការកើនឡើង និងភាពមិនច្បាស់លាស់អំពីរបៀបដែលលោកពូទីននឹងឆ្លើយតប ខណៈមន្រ្តីមួយចំនួន រួមទាំងនៅក្នុងសេតវិមាន មន្ទីរបញ្ចកោណ និងក្រសួងការបរទេស ភ័យខ្លាចជុំវិញវិធានការសងសឹកដ៏សាហាវទៅលើបុគ្គលិកការទូត និងយោធាសហរដ្ឋអាម៉េរិក ជាពិសេសការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរ។ គេនៅចាំបានថា រុស្ស៊ីបានបើកទ្វារបន្ទាយទទួលទាហានពីកូរ៉េខាងជើងចន្លោះពី១១០០០នាក់ ទៅ១២០០០នាក់ ដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមជាមួយរុស្ស៊ី។
ការភ័យខ្លាចនៃការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ គឺជាកត្តាមួយនៅក្នុងគំនិតរបស់មន្ត្រីអាម៉េរិក ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលដើមឆ្នាំ២០២២ ព្រោះថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន ពីព្រោះសេតវិមានបានបញ្ជូនជំនួយយោធាមានតម្លៃរាប់ពាន់លានដុល្លារដល់រដ្ឋធានីកៀវ។ យ៉ាងណា ក្ដីព្រួយបារម្ភបានរសាត់ឆ្ងាយទៅៗសម្រាប់មន្ត្រីមួយចំនួន ខណៈលោក ពូទីន មិនបានធ្វើសកម្មភាពលើការគំរាមកំហែងរបស់លោកទេ។ ទោះជាយ៉ាងនេះក្ដី វានៅតែជាចំណុចក្ដៅ ខណៈការគំរាមវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន នៅតែជាសារព្រមានសហរដ្ឋអាម៉េរិក និងលោកខាងលិចជុំវិញការគាំទ្រឥតឈប់ឈរលើរដ្ឋធានីកៀវ៕


