ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន នៅពេលដែលរដ្ឋជាសមាជិកមិនអាចកាត់ក្ដីដោយខ្លួនឯងបាន។ ICC អាចកាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនជាតិនៃរដ្ឋជាសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិកផ្សេងទៀត។

តើ ICC មានសមាជិកប៉ុន្មាន? ជាការពិតណាស់ ICC មានរដ្ឋជាសមាជិកចំនួន ១២៤ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ខណៈថវិការបស់ ICC សម្រាប់ឆ្នាំ២០២៤ គឺប្រហែល១៩៧លានដុល្លារ។ តើពេលនេះ ICC កំពុងបើកការស៊ើបអង្កេតលើអ្វីខ្លះ? ជាទឡ្ហីករណ៍ ICC កំពុងបើកការស៊ើបអង្កេតជុំវិញវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងរដ្ឋនៅអាហ្វ្រិក។ ក្រៅពីនេះរួមមាន៖ ប្រទេសអ៊ូហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា វេណេហ្ស៊ុយអេឡា មីយ៉ាន់ម៉ា និងហ្វីលីពីន។ នេះបើយោងតាមគេហទំព័ររបស់ ICC ផ្ទាល់។ រហូតមកដល់ពេលនេះមាន៣២ករណីនៅចំពោះមុខតុលាការ ខណៈចៅក្រម ICC បានចេញដីកាចាប់ខ្លួនយ៉ាងហោចណាស់មនុស្ស៥៩នាក់។
តើ ICC បានកាត់ទោសមនុស្សប៉ុន្មាននាក់ហើយ? ចៅក្រម ICC បានចេញដីការផ្ដន្ទាទោសចំនួន១១នាក់ ខណៈរួចទោស៤នាក់។ មនុស្ស២១នាក់ត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ICC នៅទីក្រុងឡាអេ មនុស្ស៣០នាក់នៅតែស្ថិតក្នុងបន្ទុករបស់ ICC។ ក្នុងចំណោមការកាត់ទោសទាំង១១ មានតែ៦នាក់ប៉ុណ្ណោះដែលជាប់ទោសឧក្រិដ្ឋកម្មស្នូលរបស់តុលាការនៃឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
តើមេដឹកនាំសំខាន់ៗណាខ្លះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៃដីកាចាប់ខ្លួនរបស់ ICC? ថ្មីៗនេះ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់ហ៊ូ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំពោះអំពើឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមនៅក្នុងជម្លោះនៅតំបន់។ ក្នុងនោះក៏រួមបញ្ចូលទាំងអតីតប្រមុខការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្កាឡិន ផងដែរ។

ក្នុងបញ្ជីក៏មានឈ្មោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដោយបាននិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ ព្រះរាជអាជ្ញា ICC កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយបានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ គួរបញ្ជាក់ថា ទោះបីជាតុលាការត្រូវបានគាំទ្រដោយសមាជិកជាច្រើនរបស់អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ីមិនមែនជាសមាជិកនោះទេ ដោយលើកហេតុផលថា ICC អាចត្រូវបានប្រើប្រាស់សម្រាប់ការកាត់ទោសក្រោមហេតុផលនយោបាយ៕



