បេរូត៖ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេស្សបូឡាហ៍ ធ្វើឡើងកាលពីថ្ងៃពុធទី២៧ ខែវិច្ឆិកា ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយអាម៉េរិក និងបារាំង ប៉ុន្តែភាពលំបាកលំបិន និងភាពមិនប្រាកដប្រជាជាច្រើនកំពុងរង់ចាំនៅខាងមុខ បន្ទាប់ពីសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងប្រទេសលីបង់។ ប្រជាជនបានចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញ ទាំងភាពក្រៀមក្រំនៅតាមតំបន់ព្រំដែន ខណៈហេដ្ឋារចនាសម្ព័ន្ធបែកបាក់ ដួលរលំ និងខ្ទិចខ្ទាំដោយសារការប្រយុទ្ធ..។

កិច្ចព្រមព្រៀងនេះ គឺជាស្នាដៃការទូតដ៏កម្រមួយនៅក្នុងតំបន់ពោរពេញដោយវិបត្តិនៃជម្លោះដ៏រ៉ាំរ៉ៃ ខណៈកិច្ចព្រមព្រៀងបានបញ្ចប់ការប្រឈមមុខដាក់គ្នា ដ៏សាហាវបំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។ ទោះយ៉ាងនេះក្ដី អ៊ីស្រាអែលនៅតែប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏ធំមួយទៀតរបស់ខ្លួន គឺក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា។ ជាមួយគ្នា រថយន្តឯកជន និងរថយន្តដឹកទំនិញសាធារណៈ បានដឹកពូក វ៉ាលី និងគ្រឿងសង្ហារឹមរត់កាត់ទីក្រុងកំពង់ផែ Tyre ប្រទេសលីបង់ ដែលត្រូវបានទម្លាក់ស្រោចដោយគ្រាប់បែក ខណៈមនុស្ស១លាន៤សែននាក់ ត្រូវបានរងគ្រោះដោយវិបត្តិនៃជម្លោះនេះ។
បទឈប់បាញ់ មានគោលបំណងបញ្ចប់ជម្លោះនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៧៦៨នាក់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីភ្លើងសង្គ្រាមត្រូវបានបញ្ឆេះដោយជម្លោះនៅហ្កាហ្សាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉ែស លើកឡើងថា បទឈប់បាញ់គឺជា«ពន្លឺដំបូងនៃក្ដីសង្ឃឹម»ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araqchi) បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ស្វាគមន៍បទឈប់បាញ់នេះ ហើយសង្ឃឹមថា វានឹងមានលក្ខណៈអចិន្ត្រៃយ៍។

អ៊ីស្រាអែលគូសបញ្ជាក់ថា គោលបំណងយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ គឺធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ជនជាតិអ៊ីស្រាអែលប្រហែល៦ម៉ឺននាក់ ដែលបានភៀសខ្លួនចេញពីសហគមន៍នៅតាមព្រំដែនភាគខាងជើង នៅពេលដែលក្រុមហេស្សបូឡាហ៍ ចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតទៅលើពួកគេ ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣។ គេនៅចាំបានថា អ៊ីស្រាអែលក៏បានវាយលុកទីក្រុងភាគខាងកើត និងទីប្រជុំជននានា និងជាយក្រុងភាគខាងត្បូងនៃទីរដ្ឋធានីបេរូត ខណៈកងទ័ពអ៊ីស្រាអែលបានវាយរុលចូលទៅក្នុងប្រទេសលីបង់ចម្ងាយប្រហែល៦គីឡូម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែកញ្ញា។

នៅក្រោមកិច្ចព្រមព្រៀងសម្រុះសម្រួលដោយសហរដ្ឋអាម៉េរិក និងបារាំង នឹងទទួលយកដោយរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ ដោយអ៊ីស្រាអែលនឹងដកទ័ពរបស់ខ្លួនចេញពីទឹកដីលីបង់ ខណៈក្រុមហេស្សបូឡាហ៍នឹងផ្លាស់ទីអ្នកប្រយុទ្ធរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់។ ប៉ុន្តែពេលវេលាសម្រាប់ការដកទ័ពទាំងនោះ នៅតែមិនច្បាស់លាស់ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហ៊ូ បានអះអាងថា វានឹងអាស្រ័យលើតថភាពជាក់ស្តែង ហើយអ៊ីស្រាអែលនៅតែរក្សាសិទ្ធិក្នុងការវាយប្រហារ ប្រសិនបើមានកម្មភាពអរិភាពណាមួយដោយក្រុមហេស្សបូឡាហ៍។ យ៉ាងណា ក្រុមហេស្សបូឡាហ៍បានអះអាងថា៖«អ្នកប្រយុទ្ធរបស់ខ្លួននៅតែត្រៀមយ៉ាងពេញលេញ ដើម្បីការពារការវាយលុករបស់សត្រូវអ៊ីស្រាអែល។ កងកម្លាំងរបស់ខ្លួននឹងតាមដានការដកទ័ពរបស់អ៊ីស្រាអែលចេញពីលីបង់»៕


