វិលមកកាន់តំណែងវិញ!​ រដ្ឋមន្ត្រីការបរទេសបង្ហាញការប្តេជ្ញាចិត្តជាមួយចិន ក្នុងការកសាងអនាគតរួមជាមួយគ្នា

ភ្នំពេញ៖ បន្ទាប់ពីវិលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិវិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញការប្តេជ្ញាចិត្តជាមួយភាគីចិន ក្នុងការជំរុញការអនុវត្តគម្រោងសំខាន់ៗ ព្រមទាំងការកសាងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី…។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៦វិច្ឆិកា ក្នុងតំណែងជារដ្ឋរដ្ឋមន្ត្រីការបរទេសម្ដងទៀត។ ក្នុងនោះ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានសម្ដែងការអបអរសាទរចំពោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលទើបត្រូវបានតែងតាំងឱ្យក្លាយជានាយករដ្ឋមន្ត្រីការបរទេសវិញ ជាពិសេសលោកក៏បានពាំនាំនូវប្រសាសន៍របស់លោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលបានត្រៀមរួចជាស្រេចក្នុងការបន្តការងារ រួមទាំងទំនាក់ទំនងយ៉ាងជិតស្និតជាថ្មីម្ដងទៀត ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ក្នុង​​ឱកាសនេះដូចគ្នា លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងពីការប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ីស និងការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីជំរុញគម្រោងនានាដូចជា ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ក្នុងការកសាងអនាគតរួមគ្នា នៅយុគសម័យថ្មី។ មិនតែប៉ុណ្ណោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ប្រទេសចិនបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ហាក់មិនខុសគ្នា លោកឯកអគ្គរដ្ឋទូត បានអះអាងប្រាប់លោកឧបនាយករដ្ឋមន្ត្រី ថា ចិននឹងនៅតែគាំទ្រឥតងាករេចំពោះការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការប្តេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។ គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាថ្មី។ លោកក៏ធ្លាប់កាន់តំណែងនេះពីមុនមកដែរ ខណៈលោកធ្លាប់កាន់តំណែងរដ្ឋមន្រ្តីការបរទេសពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣៕

You might like