អន្តរជាតិះ- យោងតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤, ក្រុមរៀបចំការផ្ទេរអំណាចរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មន្ត្រីដែលត្រូវតែងតាំងឲ្យឡើងកាន់មុខតំណែងធំៗក្នុងរដ្ឋបាលថ្មីអាមេរិក ត្រូវគេគំរាមបំផ្ទុះគ្រាប់បែក ដោយសារផ្ញើសារតាមបណ្តាញអ៊ិនធើណិត ខណៈអ្នកខ្លះបានទទួលសំបុត្រដល់ផ្ទះ។
– អ្នកនាំពាក្យក្រុមលោកត្រាំគឺអ្នកស្រី Karoline Leavitt បានឲ្យដឹងថា តាំងពីយប់ដល់ព្រឹក បេក្ខជនមួយចំនួន ដែលតែងតាំងឲ្យកាន់តំណែងក្នុងជួរគណរដ្ឋមន្ត្រីថ្មី បានក្លាយជាគោលដៅនៃអំពើហិង្សា, ការគំរាមកំហែងដល់អាយុជីវិតនិងសូម្បីតែអ្នកដែលរស់នៅជាមួយពួកគេ។ ជាការឆ្លើយតប ក្រុមមន្ត្រីមានសមត្ថកិច្ច បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពចំពោះអ្នកដែលជាគោលដៅ។
– ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យខាងលើ មិនបញ្ជាក់ឡើយថាតើ នរណាខ្លះដែលបានក្លាយជាគោលដៅនៃការគំរាមវាយប្រហារទាំងនេះ។
– អ្នកស្រី Karoline Leavitt ដែលជាអ្នកនាំពាក្យក្រុមលោកត្រាំ (រូបថត៖ Bloomberg)
ការគំរាមកំហែងនេះ បានគូសបញ្ជាក់ពីការធ្លាក់ចុះនៃសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជាបិតាប្រជាធិបតេយ្យនិងមហាអំណាចពិភពលោក។
– ជាក់ស្តែង ឆ្នាំនេះ លោក ត្រាំ បានរួចផុតពីការធ្វើឃាតនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania នៅថ្ងៃទី១៣ខែកក្កដា។ ក្នុងហេតុការណ៍នោះ មានអ្នកចូលរួមម្នាក់ត្រូវបាត់បង់ជីវិត ដោយគ្រាប់កាំភ្លើងរបស់ឃាតករ ចំណែកលោក ត្រាំ វិញ ពិតជាសំណាងណាស់ ដែលរួចផុតពីសេចក្តីស្លាប់ ដោយគ្រាន់តែរបួសត្រចៀកប៉ុណ្ណោះ។
– លុះមកដល់ខែកញ្ញា សេវាសម្ងាត់អាមេរិក បានចាប់ខ្លួនឃាតករម្នាក់ទៀតដែលជាអ្នកគាំទ្រអ៊ុយក្រែន បន្ទាប់ពីឃើញពួនក្នុងព្រៃចាំវាយប្រហារលោកត្រាំ នៅទីលានវាលកូនហ្គោលរបស់គាត់ក្នុងរដ្ឋ Florida ខណៈអ្នកសាធារណរដ្ឋចោទថា រឿងរ៉ាវទាំងអស់ គឺកើតចេញពីការញុះញង់របស់លោក ចូ បៃដិន។
– សូមបញ្ជាក់ជាថ្មី លោក ត្រាំ បានឈ្នះការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ហើយនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ នៅថ្ងៃទី២០ខែមករា ឆ្នាំក្រោយ៕
