ប៉េកាំង៖ មន្ត្រីមកពីប្រទេសម៉ិកស៊ិក កាណាដា និងចិន និងក្រុមឧស្សាហកម្មធំៗបានព្រមានថា ការគំរាមកំហែងដំឡើងពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ លើទំនិញនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើឱ្យអតិផរណាកើនឡើង និងធ្វើឱ្យខូចទីផ្សារការងារ។
ការសន្យារបស់លោក ត្រាំ ដែលធ្វើឡើងកាលពីថ្ងៃចន្ទទី ២៥ ខែវិច្ឆិកា បានធ្វើឱ្យទីផ្សាររូបិយបណ្ណ មូលបត្របំណុល និងភាគហ៊ុនបានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារ ដោយសារប្រទេសទាំងបីគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក។ ម៉ិកស៊ិក និងកាណាដាមានទំនាក់ទំនងគ្នាជាពិសេសនៅក្នុងការផលិតរថយន្ត និងថាមពលរបស់សហរដ្ឋអាម៉េរិក ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទសវត្សរ៍រវាងប្រទេសជិតខាងនៅអាម៉េរិកខាងជើង។ ផែនការរបស់លោក ត្រាំ ក្នុងការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលរបស់កាណាដា និងម៉ិកស៊ិកនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង នឹងមិនលើកលែងប្រេងឆៅឡើយ។ នេះបើតាមប្រភព២ ដែលដឹងពីផែនការបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ។

មេដឹកនាំ និងមន្ត្រីកំពូលផ្សេងទៀតបានព្រមានថា សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើង ហើយសេដ្ឋកិច្ចត្រូវខូចខាត ហើយបានស្វែងរកការពិភាក្សាជាមួយលោក ត្រាំ បន្ទាប់ពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ដែលរួមមានការយកពន្ធបន្ថែម ១០ ភាគរយលើទំនិញរបស់ចិន។ ពន្ធនេះនឹងចូលជាធរមាន រហូតដល់ប្រទេសទាំងបីទប់ស្កាត់រំហូរនៃគ្រឿងញៀនខុសច្បាប់ និងចំណាកស្រុក។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌា ស៊ីនបាម (Claudia Sheinbaum) បានព្រមានប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ដូណាល់ ត្រាំ អំពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ប្រទេសទាំង២ ពីការដំឡើងពន្ធគយ និងបានស្នើឱ្យមានការសងសឹក។ មន្ត្រីធនាគារកាណាដាម្នាក់បានលើកឡើងថា អ្វីដែលកើតឡើងនៅសហរដ្ឋអាម៉េរិកមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើង ហើយអ្វីមួយបែបនេះច្បាស់ជាជះឥទ្ធិពលដល់សេដ្ឋកិច្ចទាំង២ ។ ស្របពេលដែល អ្នកនាំពាក្យស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោន លោក លីវ ប៉េងយូ បាននិយាយថា ទាំងសហរដ្ឋអាម៉េរិក និងចិន នឹងមិនឈ្នះសង្គ្រាមពាណិជ្ជកម្មនោះទេ។

ប្រទេសទាំងបីបានដឹកជញ្ជូនទំនិញសរុបជាង ១ ពាន់ពាន់លានដុល្លារទៅកាន់សហរដ្ឋអាម៉េរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលម៉ិកស៊ិកជាប្រទេសនាំចេញធំជាងគេ និងបន្តដោយប្រទេសចិន និងបន្ទាប់មកកាណាដា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក គិតត្រឹមខែកញ្ញា។ អ្នកសេដ្ឋកិច្ចកសិកម្ម និងនាយកប្រតិបត្តិឧស្សាហកម្ម បានលើកឡើងថា ប្រសិនបើលោក ត្រាំ អនុវត្តតាមផែនការពន្ធនេះ អ្នកប្រើប្រាស់អាចប្រឈមនឹងតម្លៃខ្ពស់សម្រាប់ផ្លែបឺរ ផ្លែស្ត្របឺរី និងផលិតផលស្រស់ផ្សេងទៀត ព្រមទាំងសាច់សត្វ។ ម៉ិកស៊ិក និងកាណាដា គឺជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មលំដាប់កំពូលចំនួន២ ទៅកាន់សហរដ្ឋអាម៉េរិក ជាមួយនឹងការនាំចូលទំនិញកសិកម្មមានតម្លៃជិត ៨៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងគយសហរដ្ឋអាម៉េរិក។

គួររំឭកថា ការដាក់ពន្ធលើការនាំចូលជាផែនការគោលនយោបាយដ៏សំខាន់ក្នុងអំឡុងពេលអាណត្តិ៤ ឆ្នាំដំបូងរបស់លោក។ នៅឆ្នាំ ២០១៩ លោកបានគំរាមយកពន្ធ ៥ ភាគរយលើម៉ិកស៊ិក ជុំវិញរំហូរជនចំណាកស្រុកឆ្លងកាត់ព្រំដែនភាគខាងត្បូងសហរដ្ឋអាម៉េរិក ប៉ុន្តែត្រូវបានលុបចោលបន្ទាប់ពីម៉ិកស៊ិកបានយល់ព្រមចាត់វិធានការដើម្បីរឹតបន្តឹងការគ្រប់គ្រងព្រំដែន។ នៅក្នុងករណីបច្ចុប្បន្ន ការហូរចូលទៅក្នុងសហរដ្ឋអាម៉េរិកនៃគ្រឿងញៀនខុសច្បាប់ ជាពិសេសថ្នាំហ្វេតានីល (fentanyl) ជាបញ្ហាចម្រូងចម្រាសរបស់លោក ត្រាំ ជាមួយប្រទេសទាំងបី។ ចំនួននៃការស្លាប់របស់សហរដ្ឋអាម៉េរិកដោយសារការប្រើថ្នាំហ្វេតានីលជ្រុលពិតជាបានធ្លាក់ចុះក្នុងឆ្នាំ ២០២៣ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ បើទោះបីជាមនុស្សជិត ៧៥ ០០០ នាក់នៅតែស្លាប់ដោយសារថ្នាំញៀនដ៏មានឥទ្ធិពលក៏ដោយ៕

