បើកមន្ទីរពេទ្យខុសច្បាប់! អ្នកនាំពាក្យបកស្រាយថា មិនអាចដាក់បន្ទុកលើអាជ្ញាធរទេ ព្រោះជាករណីបុគ្គលឆ្លៀតឱកាស

ភ្នំពេញ៖ ក្រោយមន្ទីរពេទ្យឯកជនចំនួន៦ក្នុងចំណោម១៣ទីតាំង ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអាជ្ញាធរស៊ើបអង្កេតរកឃើញគ្មានច្បាប់អនុញ្ញាតឱ្យបើកធ្វើអាជីវកម្ម កាលពីពេលថ្មីៗ មហាជនបានដាក់បន្ទុកលើអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តកាន់តែខ្លាំង ដែលបណ្តែតបណ្តោយ​ឱ្យមានករណីចាក់ថ្នាំស្លាប់អ្នកជំងឺ ហើយបានដឹងថាគ្មានច្បាប់។ យ៉ាងណា អ្នកនាំពាក្យក្រសួងសុខាភិបាល យល់ថា ការបើកពេទ្យខុសច្បាប់ជារឿងបុគ្គល ដែលប្រព្រឹត្តិលួចលាក់មិនឱ្យអាជ្ញាធរដឹង(Sic)…។

រូបភាព៖ លោក កុយវ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ប្រភព៖ Internet
រូបភាព៖ លោក កុយវ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ប្រភព៖ Internet

លោក កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងប្រាប់  តាមរយៈប្រព័ន្ធទូរសព្ទថា បច្ចុប្បន្នក្រសួងសុខាភិបាលកំពុងធ្វើបច្ចុប្បន្នភាព ខណៈតួលេខមន្ទីរពេទ្យឯកជនទូទាំងប្រទេសដែលគ្មានច្បាប់អនុញ្ញាត មិនអាចបង្ហាញជាសាធារណៈបាននោះទេ។ លោកគូសបញ្ជាក់ថា៖«[..]ទិន្នន័យនៅក្នុងដៃរបស់ពួកគាត់[អាជ្ញាធរខេត្ត] ដែលគាត់ត្រូវរាយការណ៍ផ្ទាល់មកកាន់ឯកឧត្តមរដ្ឋមន្ត្រី មិនមែនយើងត្រូវមកផ្សព្វផ្សាយបានទេថា បានប៉ុន្មាន ជាកិច្ចការដែលត្រូវរាយការណ៍មកថ្នាក់ដឹកនាំគ្រប់ស្ថាប័ន[..]»។

រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ
រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ

អ្នកនាំពាក្យរូបនេះបានត្រឹមបញ្ជាក់ថា ក្រសួងយកចិត្តទុកដាក់លើកិច្ចការងារនេះណាស់ ហើយក៏ធ្វើមកជាយូរ និងជាប់ជាប្រចាំ ពោលគឺមិនមែនទើបតែប្រាប់អាជ្ញាធររាជធានី-ខេត្ត ឱ្យចុះធ្វើអធិការកិច្ច នាពេលថ្មីនេះទេ។ ជាក់ស្តែង លិខិតដែលក្រសួងសុខាភិបាល ប្រាប់ថ្នាក់រាជធានី-ខេត្ត ឱ្យប្រញាប់ចុះពិនិត្យពេទ្យមន្ទីរពេទ្យឯកជន តើមានសញ្ញាបត្រត្រឹមត្រូវ និងមានច្បាប់អនុញ្ញាតឬទេ? ចេញកាលពីថ្ងៃទី២០វិច្ឆិកា គ្រាន់តែជាសេចក្ដីរំឭក។ ការចេញសេចក្ដីរំឭករបស់ក្រសួងនោះ ក៏គេមិនអាចបដិសេធដែរថា មិនពាក់ព័ន្ធនឹងករណីពេទ្យឯកជនមួយនៅខេត្តតាកែវ ដែលបានចាក់ថ្នាំបណ្តាលស្ត្រីអ្នកជំងឺម្នាក់ស្លាប់ ថែមទាំងយកសពជនរងគ្រោះទៅបោះចោល ក្រោយមកមន្ទីរសុខាភិបាលខេត្ត បែរជាចេញមកបដិសេដ ថា ពេទ្យឯកជននោះបើកដោយគ្មានច្បាប់អនុញ្ញាត។

រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ
រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ

រលកនៃការរិះគន់ពីមហាជនជាច្រើនចាប់ផ្តើមឡើង ខណៈពួកគេដាក់បន្ទុកចំៗទៅលើអាជ្ញាធរតំបន់ ជាពិសេសមន្ទីរសុខាភិបាលខេត្តផ្ទាល់ ដែលបណ្តោយឱ្យពេទ្យគ្មានច្បាប់ បញ្ឈរស្លាកឈ្មោះធំៗ ខណៈខ្លះភ្ជាប់ដោយពាក្យស្លោកថា គុណភាព ប្រសិទ្ធភាព និងសុជីវធម៌ និងបម្រើសេវាកម្ម២៤ម៉ោង តែមួយចំនួនបែរជាគ្មានច្បាប់។ យ៉ាងណា ពាក់ព័ន្ធការរិះគន់របស់មហាជនទៅលើអាជ្ញាធរនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលបំភ្លឺថា មិនមានករណីណាមួយដែលរកឃើញថា អាជ្ញាធរបើកដៃឱ្យពេទ្យបើកគ្មានច្បាប់នោះទេ។ «[..]យើងមិនគិតថា អាជ្ញាធរគាត់អនុញ្ញាតទេ យើងមិនគិតចឹងទេ នេះជាការឆ្លៀតទេ[..] ចឹងមានន័យថា បុគ្គលដែលហ៊ានធ្វើតើ..ដែលទទួល។ យើងដាក់បន្ទុកទៅលើអាជ្ញាធរម៉េចកើត យើងមានរកឃើញម្ដងណាដែលថា អាជ្ញាធរគាត់ទៅឱ្យបើកដោយមិនមានការសុំច្បាប់អនុញ្ញាតនោះ ព្រោះគាត់ដឹងថា តែកាលណាគាត់ធ្វើចឹង គឺគាត់ប្រឈមទៅនឹងផ្លូវច្បាប់ដូចគ្នា[..]»។ នេះជាការបញ្ជាក់របស់លោក កុយវ៉ាន់នី ។

រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ

ផ្ទុយមកវិញ ក្រសួងបន្តប្តេជ្ញារួមគ្នាជាមួយភាគីពាក់ព័ន្ធរកឱ្យឃើញអ្នកប្រព្រឹត្តទាំងនោះ។ ដ្បិតលោកថា ករណីរកឃើញមន្ទីរពេទ្យដែលបើកគ្មានច្បាប់ទាំងនោះ នឹងត្រូវផ្អាកសកម្មភាព ហើយប្រឈមទៅនឹងការបិទដោយមិនកំណត់អាយុកាល។«មិនមានកិច្ចការណាត្រូវលើកលែង[..] ត្រូវចាំសុំច្បាប់ហើយបើកបន្តទៀតទេ ទាល់តែមានច្បាប់ទម្លាប់ ច្បាប់ទម្លាប់ពិតប្រាកដ បាន[ក្រសួង]ពិចារណាឱ្យបើក ឬយ៉ាងណា»។ នេះជាការសង្កត់ធ្ងន់បន្ថែមរបស់មន្ត្រីអ្នកនាំពាក្យ។

រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ
រូបភាពមន្ត្រីពាក់ព័ន្ធចុះពិនិត្យ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗនៅខេត្តតាកែវ។ ប្រភព៖ រដ្ឋបាលក្រុងដូនកែវ

សូមរំឭកថា ក្រោយថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៤ មានមន្ទីរពេទ្យឯកជនចាក់ថ្នាំបណ្តាលឱ្យអ្នកជំងឺស្លាប់ ហើយដឹកសពទៅប្លុងចោល អាជ្ញាធរបានឃាត់ខ្លួនជនបង្កកាត់ទោសតាមផ្លូវច្បាប់ហើយក្ដី តែរលកនៃការរិះគន់របស់មហាជននៅតែបន្ត ខណៈ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បង្ហាញការសោកស្ដាយ និងបង្កើតក្រុមការងារមួយដែលមានលោកអភិបាលរងខេត្តម្នាក់ ចុះទៅតាមក្រុងស្រុកនីមួយៗ ដើម្បីត្រួតពិនិត្យមើលគ្លីនិកឯកជនទូទាំងខេត្ត។ ក្នុងនោះរយៈពេលពីរថ្ងៃដំបូង មន្ទីរសម្រាកព្យាបាល និងសម្ភពឯកជនធំៗចំនួន១៣នៅខេត្តតាកែវ ត្រូវបានអាជ្ញាធរចុះត្រួតពិនិត្យ ហើយរកឃើញដល់ទៅ៦ទីតាំង ដែលបើកដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ អាជ្ញាធរបានឱ្យមន្ទីរពេទ្យចំនួន៥ ធ្វើកិច្ចសន្យាបិទទីតាំងទាំងស្រុង ខណៈ១ទីតាំងទៀតត្រូវផ្អាកបណ្ដោះអាសន្ន ដោយរង់ចាំមានច្បាប់អនុញ្ញាតត្រឹមត្រូវ៕

You might like