រាជធានីឡុងដ៍៖ មន្ត្រីអាម៉េរិក បានអះអាងកាលពីថ្ងៃអង្គារទី២៦ ខែវិច្ឆិកាថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណមួយចំនួនត្រូវបានគេប្រទះឃើញនៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិកចំនួន៣ នៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេល៦ ថ្ងៃចុងក្រោយនេះ។

អ្នកនាំពាក្យយោធាម្នាក់ បានអោយដឹងថា ៖«យន្តហោះគ្មានមនុស្សបើកខ្នាតតូចត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញ និងនៅលើមូលដ្ឋានទ័ពអាកាស RAF Lakenheath មូលដ្ឋានទ័ព RAF Mildenhall និងមូលដ្ឋានទ័ព RAF Feltwell ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី២៦ ខែវិច្ឆិកា»។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាទ្រីក រៃដឺ (Patrick Ryder) បានអះអាងថា យោធាអាម៉េរិកកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ។ លោកក៏បានសង្កត់ធ្ងន់ថា ៖«រហូតមកដល់ពេលនេះគ្មានផលប៉ះពាល់ណាមួយដល់អ្នករស់នៅក្នុងមូលដ្ឋាន គ្រឿងបរិក្ខារ ឬទ្រព្យសម្បត្តិដែលយើងនៅឯមូលដ្ឋានទាំងនោះទេ»។

លោក រៃដឺ បន្តថា យន្តហោះគ្មានមនុស្សបើកខ្នាតតូចគឺត្រូវបានប្រើប្រាស់ទូទៅ ដូច្នេះវាពិបាកក្នុងការសន្និដ្ឋានថា តើយន្តហោះគ្មានមនុស្សបើកខ្នាតតូចទាំងនោះត្រូវបានបង្ហោះដោយសម្ព័ន្ធមិត្ត ឬបច្ចាមិត្ត? ទោះយ៉ាងនេះក្ដី យោធាអាម៉េរិកនឹងបន្តស៊ើបអង្កេតលើរឿងនេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស(MOD) បានលើកឡើងថា ពួកគេបានចាត់វិធានការយ៉ាងតឹងរឹងចំពោះបញ្ហានេះ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«យើងកំពុងគាំទ្រការឆ្លើយតបរបស់កងទ័ពអាកាសអាម៉េរិក»។ កាសែត The Times បានចុះផ្សាយថា បុគ្គលិកយោធាប្រហែល ៦០នាក់ត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យលើបញ្ហាដ៏រសើបនេះ៕


