រុស្ស៊ី រៀបផែនការរួចហើយ ដើម្បីសងសឹកអ៊ុយក្រែន ក្រោយយកមីស៊ីលអាមេរិក បាញ់ចូលដីខ្លួន ឥតឈប់

អន្តរជាតិះ – ទីក្រុងមូស្គូអះអាងថា អ៊ុយក្រែននៅតែគឃ្លើន ដោយបាញ់មីស៊ីល ATACMS របស់អាមេរិក ចូលដីរបស់ខ្លួនមួយលើកជាពីរលើក ហើយឥឡូវរដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានថា ខ្លួនបានរៀបផែនការរួចស្រេចអស់ហើយ ដើម្បីវាយប្រហារសងសឹកទៅវិញ។

– លោក Sergey Lavrov បានឲ្យដឹងថា ទីក្រុងកៀវ បានយកមីស៊ីល ATACMS បាញ់ចូលរុស្ស៊ីជាថ្មី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកាមក ដោយវាយប្រហារតំបន់ Kursk បណ្តាលឲ្យខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងបង្ករបួសស្នាមដល់កងកម្លាំងក៏ដូចជាជនស៊ីវិល។

– នៅក្នុងការបង្ហោះលើឆានែល Telegram កាលពីថ្ងៃអង្គារទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ លោក Lavrov គូសបញ្ជាក់ថា រុស្ស៊ី បានរៀបចំវិធានការសងសឹករួចជាស្រេច។

– ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ មិនបានពន្យល់លម្អិតទេថាតើ រុស្ស៊ីនឹងចាត់វិធានការអ្វីខ្លះដើម្បីសងសឹកទៅលើអ៊ុយក្រែនវិញ។

– បំណែកមីស៊ីល ATACMS (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ព បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង១០ដង ប្រភេទថ្មីឈ្មោះ Oreshnik វាយប្រហារទីក្រុង Dnipro របស់អ៊ុយក្រែន យ៉ាងកក្រើកម្តងរួចមកហើយ ជាការឆ្លើយតបទៅលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដែលយកមីស៊ីលផ្គត់ផ្គង់ដោយបស្ចិមប្រទេស វាយប្រហារចូលដីរុស្ស៊ីទាំងមិនញញើត។

– ជុំវិញបញ្ហានេះដែរ លោក Lavrov បានប្រាប់កាសែត Rossiyskaya Gazeta ថា «ការបាញ់មីស៊ីលចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជាការបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ។ អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​ពលរដ្ឋ​និង​ហេដ្ឋារចនាសម្ព័ន្ធ​រុស្ស៊ី នឹង​ត្រូវ​ប្រឈម​មុខការ​ដាក់​ទណ្ឌកម្មដ៏​ស័ក្តិសមបំផុត។

– ចំណែកលោកពូទីន នៅតែទទូចថា ទីក្រុងមូស្គូសូមរក្សាសិទ្ធិ វាយប្រហារទៅលើប្រទេសទាំងឡាយណា ដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយលោកខាងលិច យកមកប្រឆាំងនឹងរុស្ស៊ី៕

 

You might like