អន្តរជាតិះ- អំឡុងកម្មវិធីមួយនៅឯមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុបកាលពីថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានគណៈកម្មការយោធាអង្គការណាតូ លោក Rob Bauer បានប្រកាសឲ្យ បណ្តាក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រទេសជាសមាជិកសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវត្រៀមខ្លួនឲ្យហើយពេលសង្គ្រាមផ្ទុះឡើង។
លោកនិយាយថា ក្រុមហ៊ុនគួរតែរៀបចំខ្លួនឲ្យរួចរាល់ចំពោះសេណារីយ៉ូមានសង្គ្រាម ហើយត្រូវកែសម្រួលខ្សែផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដូច្នេះពួកគេនឹងមិនសូវងាយរងគ្រោះដោយសារតែការគំរាមកំហែងពីប្រទេសនានាដូចជារុស្ស៊ីនិងចិននោះទេ។ កាលណាមានការប្រយុទ្ធលើសមរភូមិ ច្បាស់ជាមានអ្នកឈ្នះអ្នកចាញ់ ហើយក៏ជះឥទ្ធិពលលើសេដ្ឋកិច្ចដែរ។
ក្នុងករណីនេះ លោក Bauer បានលើកជាឧទាហរណ៍ថា បើចិនឈ្នះសង្គ្រាម ពួកគេអាចយកការនាំចេញទំនិញធ្វើជាអាវុធដើម្បីបង្កទុក្ខលំបាកដល់អឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានរបស់លោក Bauer អំពីសង្គ្រាមនេះ មិនបានបញ្ជាក់ច្បាស់ទេថាតើ លោកចង់សំដៅទៅសង្គ្រាមលោកលើកទី៣ ឬសង្គ្រាមអ្វីផ្សេង ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការលើកឡើងមិនដាច់ពីមាត់ អំពីហានិភ័យដែលពិភពលោក ធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣។
ជាយូរមកហើយ អង្គការណាតូ បានចាត់ទុករុស្ស៊ី ជាប្រទេសគំរាមកំហែងខ្លាំងបំផុត ហើយមន្ត្រីលោកខាងលិចក៏អះអាងម្តងហើយម្តងទៀតដែរថា ប្រសិនបើបណ្តែតបណ្តោយឲ្យទីក្រុងមូស្គូឈ្នះសង្គ្រាមនៅអ៊ុយក្រែនមែននោះ រុស្ស៊ីអាចវាយប្រហារប្រទេសអឺរ៉ុបផ្សេងទៀតក៏ថាបាន។
យ៉ាងណា រុស្ស៊ីបានច្រានចោលការអះអាងទាំងនេះថា ជារឿងមិនសមហេតុសមផលទាល់តែសោះ៕

