ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ដែលកំពុងពពោះកូនក្នុងផ្ទៃ៩ខែ បានបាត់បង់ជីវិតបន្ទាប់ពីលេបថ្នាំ Panadol អស់២គ្រាប់ និងមានអាការៈប្រកាច់រហូតដល់ស្លាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ…។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន khmer top news (KTN) នៅរសៀលថ្ងៃដដែល លោក អោ វណ្ណា អធិការរងខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ពិតជាមានករណីមនុស្សស្លាប់ពិតប្រាកដមែន ខណៈជនរងគ្រោះត្រូវបានគេស្គាល់់ថា ជាកម្មការិនីរោចក្រ មានឈ្មោះ វូ កញ្ញា អាយុ៣៤ឆ្នាំ ស្នាក់នៅទីតាំងកើហេតុខាងលើ មានកូនចំនួន៣នាក់រួមទាំងក្នុងផ្ទៃ។ លោកអធិការរងខណ្ឌព្រែកព្នៅ បន្តថា យោងតាមការសាកសួរព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង៥ទាបភ្លឺ ស្ត្រីរងគ្រោះមានអាការហើមជើង ក៏បានប្រើកូនឱ្យទៅទិញថ្នាំមួយប្រភេទឈ្មោះថា Panadol ដើម្បីលេបបំបាត់ការឈឺចាប់ រួចក៏សម្រាកទៅវិញរហូតដល់វេលាម៉ោង៧ព្រឹក ស្រាប់តែស្ត្រីរងគ្រោះបានប្រកាច់ភ្លាមៗតែម្ដង ហើយជាអកុសលដោយសារគ្រួសារគ្មានលទ្ធភាពបញ្ជូនមកមន្ទីរពេទ្យទាន់ពេលវេលា បណ្ដាលឱ្យកម្មការិនីរូបនេះបាត់បង់ជីវិតជាមួយកូនក្នុងផ្ទៃតែម្ដង។

យ៉ាងណា ជុំវិញករណីខាងលើ លោក អោ វណ្ណា បញ្ជាក់ថា យោងតាមការពិនិត្យ និងធ្វើកោសល្យវិច័យដោយមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាលទ្ធផល គឺស្លាប់ដោយសារគាំងបេះដូង និងអាចបណ្ដាលមកពីការឡើងសម្ពាធឈាមខ្ពស់ និងមិនពាក់ព័ន្ធជាមួយការប្រតិកម្មថ្នាំ Panadol ឡើយ ព្រោះថា..វាជាប្រភេទថ្នាំត្រជាក់ និងបំបាត់ការឈឺ រីឯសុពលភាពវិញ គឺមានរយៈពេលរហូតដល់ឆ្នាំ២០២៧ ឯណោះ។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


