ភ្នំពេញ៖ រដ្ឋមន្រ្តីការពារប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យបានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីកម្ពុជា ដោយបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា…។

ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក ហ្វាន វ៉ាន់ហ្សាង បានកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញពីការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តរីកចម្រើន រួមជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា នឹងកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានបញ្ជូនទៅប្រទេសកំណើតវិញ។

បន្ថែមពីនោះ លោកហ្វាន វ៉ាន់ហ្សាង បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជានាពេលកន្លងមក។ យ៉ាងណា សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត៕

