ហ្វីលីពីនប្រឈមបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ ក្រោយអនុប្រធានាធិបតីគំរាមធ្វើឃាតប្រធានាធិបតី

រដ្ឋធានីម៉ានីល៖ ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសហ្វីលីពីននឹងផ្ទៀងផ្ទាត់ការគំរាមកំហែងធ្វើឃាតដែលធ្វើឡើងដោយអនុប្រធានាធិបតី សារ៉ា ឌូតឺតេ (Sara Duterte) ប្រឆាំងនឹងប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr)។ ទីប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃអាទិត្យទី២៤​ ខែវិច្ឆិកា បានពណ៌នាថាវាជាបញ្ហាសន្តិសុខជាតិ។

លោកស្រី សារ៉ា ឌូតឺតេ និងលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ
លោកស្រី សារ៉ា ឌូតឺតេ និងលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ

លោកស្រី សារ៉ា ឌូតឺតេ នៅក្នុងសន្និសីទខ្លីមួយកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន បាននិយាយថា លោកស្រីបាននិយាយជាមួយឃាតក ហើយបានប្រាប់ពួកគេឱ្យសម្លាប់លោក ម៉ាកូស ប្រពន្ធរបស់គាត់ និងជាប្រធានសភាហ្វីលីពីន ប្រសិនបើខ្លួនត្រូវសម្លាប់។ ទាក់ទិននឹងបញ្ហាដ៏រសើបនេះ ទីប្រឹក្សាសន្តិសុខជាតិ លោក អេឌូអាឌូ អាណូ (Eduardo Ano) បានលើកឡើងថា៖« រដ្ឋាភិបាលចាត់ទុកការគំរាមកំហែងទាំងអស់ចំពោះប្រធានាធិបតីថាជារឿងធ្ងន់ធ្ងរ ដោយប្តេជ្ញាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអនុវត្តច្បាប់ និងសហគមន៍ស៊ើបការណ៍ ដើម្បីស៊ើបអង្កេតការគំរាមកំហែង និងជនល្មើសដែលអាចកើតមាន»។ លោក អាណូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រាល់ការគំរាមកំហែងណាមួយប្រឆាំងនឹងអាយុជីវិតរបស់ប្រធានាធិបតី នឹងមានសុពលភាព និងចាត់ទុកថាជាបញ្ហាសន្តិសុខជាតិ»។

លោក អេឌូអាឌូ អាណូ 
លោក អេឌូអាឌូ អាណូ 

ការិយាល័យទំនាក់ទំនងប្រធានាធិបតី បានបញ្ជាក់ថា​៖«ការគំរាមកំហែងរបស់លោកស្រី​ សារ៉ា ឌូតឺតេ ឥឡូវនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយអាចឈានទៅដល់ការចោទប្រកាន់។ ប្រសិនបើភស្តុតាងគ្រប់គ្រាន់ នេះអាចនាំទៅដល់ការកាត់ទោសជាយថាហេតុ»។ ការគំរាមកំហែងរបស់លោកស្រី សារ៉ា ឌូតឺតេ កើតចេញពីការបញ្ជាដោយសមាជិកសភាឱ្យផ្ទេរប្រធានបុគ្គលិករបស់លោកស្រីទៅពន្ធនាគារ សម្រាប់ការចោទប្រកាន់ថាបានរារាំងការស៊ើបអង្កេតជុំវិញការប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវរបស់អនុប្រធានាធិបតី។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែង បញ្ជាការសន្តិសុខប្រធានាធិបតី បានរឹតបន្តឹងពិធីសាររបស់ខ្លួនក្នុងការការពារមេដឹកនាំហ្វីលីពីន ហើយមេប៉ូលិសជាតិបានបញ្ជាឱ្យមានការស៊ើបអង្កេត។

  លោកស្រី សារ៉ា ឌូតឺតេ
  លោកស្រី សារ៉ា ឌូតឺតេ

លោកស្រី សារ៉ា ឌូតឺតេ ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ និងលោក ម៉ាកូស ធ្លាប់ជាដៃគូនយោបាយដែលទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីការបោះឆ្នោត ឆ្នាំ២០២២។ សម្ព័ន្ធភាពនេះបានបាក់បែកនៅឆ្នាំនេះ ដោយសារភាពខុសគ្នានៃគោលនយោបាយ រួមទាំងគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គូ ឌូតឺតេ។ កូនស្រីរបស់អតីតប្រធានាធិបតីរូបនេះ បានលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោក ម៉ាកូស ក្នុងខែមិថុនា។ ដោយឡែក ប្រធានសភា លោក ម៉ាទីន រ៉ូម៉ាល់ដេស (Martin Romualdez) ជាបងប្អូនជីដូនមួយរបស់លោក ម៉ាកូស បានកាត់បន្ថយថវិកាសម្រាប់ការិយាល័យអនុប្រធានជិតពីរភាគបី។

នៅប្រទេសហ្វីលីពីន អនុប្រធានាធិបតីត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតី ហើយមិនមានភារកិច្ចផ្លូវការនោះទេ។ អនុប្រធាន​ជាច្រើន​បាន​បន្ត​សកម្មភាព​អភិវឌ្ឍន៍​សង្គម ខណៈ​ខ្លះ​ត្រូវបាន​តែងតាំង​ឱ្យ​កាន់តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី។ ប្រទេសនេះកំពុងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែឧសភា ដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងប្រជាប្រិយភាពរបស់លោក ម៉ាកូស និងជាឱកាសរបស់លោក ក្នុងការពង្រឹងអំណាចមុនពេលអាណត្តិ៦របស់ខ្លួនបញ្ចប់ នៅឆ្នាំ២០២៨។ អំពើហិង្សានយោបាយកន្លងមកក្នុងប្រទេសហ្វីលីពីន បានរួមបញ្ចូលការធ្វើឃាត លោក បេនីណូ អាគីណូ (Benigno Aquino) សមាជិកព្រឹទ្ធសភាដែលប្រឆាំងយ៉ាងដាច់អហង្កាចំពោះការគ្រប់គ្រងរបស់ឪពុកលោក ម៉ាកូស ក្រោយពីលោកបានត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីការនិរទេសនយោបាយនៅឆ្នាំ១៩៨៣៕

You might like