រដ្ឋធានីម៉ានីល៖ អណ្តាតភ្លើងពណ៌ទឹកក្រូច និងផ្សែងខ្មៅយ៉ាងក្រាស់បានហុយឡើងលើមេឃកាលពីថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ខណៈដែលភ្លើងបានឆាបឆេះផ្ទះប្រមាណ ១០០០ ខ្នងនៅក្នុងតំបន់អនាធិបតេយ្យនៃរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន។

ការិយាល័យពន្លត់អគ្គីភ័យរដ្ឋធានីម៉ានីល បានឱ្យដឹងថា ផ្ទះប្រហែល ១០០០ខ្នង ត្រូវបានអណ្តាតភ្លើងលេបត្របាក់ និងបង្ខំឱ្យមានការជម្លៀសប្រជាជនជាបន្ទាន់។ ខ្សែវីដេអូដែលត្រូវបានគេចែកចាយតាមអ៊ីនធឺណិតដោយទីភ្នាក់ងារគ្រោះមហន្តរាយ បានបង្ហាញថាផ្ទះនៅភូមិ Isla Puting Bato ស្ទើរក្លាយជាផេះទាំងស្រុង។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ សំណង់ទាំងនោះមានប្រជាជនប្រហែល ២០០០ គ្រួសារ។

សេវាកម្មពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយ បានដាក់ពង្រាយរថយន្តចំនួន ៣៦ គ្រឿង និងទូកពន្លត់អគ្គីភ័យចំនួន ៤ គ្រឿង ខណៈដែលកងកម្លាំងអាកាសរបស់ប្រទេសបានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីជួយពន្លត់ភ្លើង៕
