អន្តរជាតិះ- ស្ថានការណ៍ដ៏តានតឹងលើពិភពលោកដែលអាចឈានឆ្ពោះទៅកាន់សង្គ្រាមលោកលើកទី៣ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកឡើងជាបន្តបន្ទាប់ ប៉ុន្តែអតីតមេទ័ពអ៊ុយក្រែនដ៏អង់អាចនិងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស បានលើកឡើងពីចំណុចមួយចំនួនដែលគាត់ជឿថា តាមពិតសង្គ្រាមលោកលើកទី៣ បានកើតឡើងហើយ។
– ក្នុងពិធីប្រគល់ពានរង្វាន់ Pravda កាលពីចុងសប្តាហ៍ លោក Valeriy Zaluzhny ដែលវាយទប់កងកម្លាំងលោកពូទីន បម្រុងសម្រុកចូលទីក្រុងកៀវ នៅពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងដំបូង បានលើកឡើងថា តាមពិតសង្គ្រាមលោករវាងបស្ចិមប្រទេសនិងរុស្ស៊ី បានផ្ទុះឡើងរួចទៅហើយ។
– យោងតាមបុរសវ័យ៥១ឆ្នាំរូបនេះ, ការដែលលោកហ៊ានអះអាងថា សង្គ្រាមលោកលើកទី៣បានកើតឡើងហើយនោះព្រោះថា អ៊ុយក្រែន មិនមែនប្រឈមមុខតែជាមួយរុស្ស៊ីទេ ពោលគឺមានកូរ៉េខាងជើងទៀត។ មិនត្រឹមប៉ុណ្ណឹង សូម្បីអ៊ីរ៉ង់ ក៏ចូលដៃជួយរុស្ស៊ីដែរ ជាពិសេសតាមរយៈការផ្តល់យន្តហោះគ្មានមនុស្សបើក Shahed សម្លាប់ប្រជាជនអ៊ុយក្រែនស្លូតត្រង់។
– លោកបន្តថា មីស៊ីលផលិតដោយកូរ៉េខាងជើងក៏ហោះចូលទឹកដីអ៊ុយក្រែន បូករួមជាមួយកងទ័ពលោកគីម ជុងអ៊ុនប្រហែល១០ ០០០នាក់ មកជួយប្រយុទ្ធលោក ពូទីន ទៀត។ លើសពីនេះ អ៊ុយក្រែន ក៏បានរកឃើញបំណែកសព្វាវុធរបស់ចិន នៅលើទឹកដីខ្លួនផងដែរ។
– ការលើកឡើងរបស់អ៊ុយក្រែននេះ គឺជួនគ្នាជាមួយនឹងការអះអាងរបស់អ្នកជំនាញអន្តរជាតិមួយចំនួនដែលនិយាយថា ពិតណាស់! សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងមែន ព្រោះថា ក្រៅពីសម្ព័ន្ធមិត្តរុស្ស៊ីមកជួយកងកម្លាំងរបស់លោកពូទីនហើយនោះ ឯនៅខាងអ៊ុយក្រែន ឯណោះក៏មានខ្នងបង្អែកលោកខាងលិច ជួយឥតឈប់ដូចគ្នា។ និយាយរួមទៅ វាបានក្លាយជាសង្គ្រាមពហុភាគីហើយ។
– ជាក់ស្តែងនាពេលថ្មីៗនេះ លោកខាងលិចថែមទាំងបើកភ្លើងខៀវ ឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បាញ់ចូលទឹករុស្ស៊ីទៀតផង ដែលធ្វើឲ្យលោកពូទីន ក្តៅស្លឹកត្រចៀក ហើយសងសឹកមកវិញដោយការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik យ៉ាងកក្រើកក្នុងទឹកដីអ៊ុយក្រែន។
– ក្រោយមកទៀត ទីក្រុងមូស្គូ បានព្រមានបាញ់កម្ទេចទីតាំងយោធានៃប្រទេសទាំងឡាយណាដែលជួយអ៊ុយក្រែនថែមទៀត។
– ដូច្នេះតើអ្នកគិតថា សង្គ្រាមលោកលើកទី៣ បានកើតឡើងហើយឬនៅ?៕
