រុស្សីគំរាមឲ្យអឺរ៉ុប ឈប់ជួយអ៊ុយក្រែន ជាបន្ទាន់

អន្តរជាតិះ- ស្របពេលស្ថានការណ៍កំពុងតែក្តៅ! អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitr​y Medvedev បានគំរាមខ្លាំងៗឲ្យបណ្តាប្រទេសនៅអឺរ៉ុប ត្រូវឈប់ជួយអ៊ុយក្រែនជាបន្ទាន់។

– ក្នុងសារបង្ហោះលើបណ្តាញសង្គម Telegram កាលពីថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០២៤, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ និយាយថា អឺរ៉ុបច្បាស់ជាឆ្ងល់ហើយថាតើមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ីអាចកម្ទេចអ្វីបានខ្លះបើបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ឬថាតើពួកគេអាចបាញ់ទម្លាក់មីស៊ីលនេះបានដែរឬអត់ ហើយថាតើមីស៊ីលនេះអាចហោះដល់ទីក្រុងផ្សេងៗលើពិភពលោកបានលឿនកម្រិតណា។

– ចម្លើយគឺថា «Oreshnik អាចបង្កការបំផ្លិចបំផ្លាញធំធេងមិននឹកស្មានដល់ ហើយសូម្បីតែខែលការពារដែនអាកាសទំនើបៗនាពេលបច្ចុប្បន្នក៏មិនអាចស្ទាក់ចាប់បានដែរ។ លេណដ្ឋានក៏មិនអាចជួយបានដូចគ្នា។ ដូច្នេះល្អហើយ ដែលរុស្ស៊ីព្រមានដល់អ្នករាល់គ្នា មុនពេលបាញ់មីស៊ីលនេះ។ អ៊ីចឹង យល់ល្អ សូមបញ្ឈប់ការគាំទ្រសង្គ្រាមនៅអ៊ុយក្រែនទៀតទៅ»។

– ដោយឡែកតាមការបញ្ជាក់ពីមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីល Oreshnik ដែលរុស្ស៊ីបាញ់លើអ៊ុយក្រែន គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមដែលលើពិភពលោក គ្មានប្រព័ន្ធណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបានទេ។

– លោកពូទីនអះអាងថា Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

– មិនត្រឹមប៉ុណ្ណឹង លោក ពូទីន ក៏ព្រមានដែរថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។

– លើសពីនេះ លោកថែមទាំងបានចង្អុលចំឈ្មោះសហរដ្ឋអាមេរិក ផងដែរថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕

 

You might like