ប្រធានាធិបតី​តៃវ៉ាន់​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​ប៉ាស៊ីហ្វិក​ តែមិនទាន់ច្បាស់ថាឆៀងចូលអាម៉េរិកឬអត់

ទីក្រុងតៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ នឹងទៅទស្សនកិច្ចប្រទេសសម្ព័ន្ធមិត្តការទូត៣ដែលនៅសេសសល់នៅប៉ាស៊ីហ្វិក ចាប់ផ្តើមនៅចុងខែនេះ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការឈប់សំចតនៅសហរដ្ឋអាម៉េរិក។

ប្រធានាធិបតីតៃវ៉ាន់ ជាធម្មតាប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ដើម្បីឈប់សំចតលើទឹកដីសហរដ្ឋអាម៉េរិក តែងតែធ្វើឱ្យរដ្ឋធានីប៉េកាំងខឹងសម្បារ។ ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​ ចិន​តែងធ្វើយុទ្ធ​យោធា​ជុំវិញ​កោះ​តៃវ៉ាន់​ បន្ទាប់​ពី​ការ​ឈប់​សំចត​របស់​ប្រធានាធិបតី ឬ​អនុប្រធានាធិបតី​តៃវ៉ាន់ នៅ​សហរដ្ឋអាម៉េរិក។ នៅ​ពេល​ឈប់​សំចតទាំង​នោះ ប្រធានាធិបតី​តៃវ៉ាន់​តែង​ជួប​ជាមួយ​អ្នក​នយោបាយ​ជា​មិត្ត និង​ថ្លែង​សុន្ទរកថា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ កាលពីសប្តាហ៍មុនថា លោក ឡៃ គ្រោងនឹងឈប់នៅកោះហាវ៉ៃ (Hawaii) និងប្រហែលជាទឹកដីរបស់សហរដ្ឋអាម៉េរិកនៃកោះហ្គាំ (Guam) ខណៈដែលលោកនៅប៉ាស៊ីហ្វិក។

ត្រូវបានសួរម្ដងហើយម្ដងទៀតដោយអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានសម្រាប់ព័ត៌មានលម្អិត ស្តីពីការឈប់សំចតនោះ អនុរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក ទៀន ជុងក្វាង (Tien Chung-kwang) បាននិយាយថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ហើយនឹងត្រូវបានប្រកាសនៅពេលវេលាសមស្រប។ ប៉ុន្តែ​មាន​គោលការណ៍​មួយ ដែល​ថា​ពួកយើង​ត្រូវ​​ចាត់ចែង​ដោយ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ភាពងាយស្រួល និង​ផាសុកភាព​នៅក្នុង​ចិត្ត​។ លោកបានបន្ថែមថា ប្រទេសចិននឹងធ្វើអស់ពីសមត្ថភាព ដើម្បីរំខានការធ្វើដំណើរនេះ ជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ឡៃ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែឧសភា។

លោក ទៀន ជុងក្វាង (Tien Chung-kwang) 
លោក ទៀន ជុងក្វាង (Tien Chung-kwang) 

ប្រភព២ ដែលដឹងពីស្ថានភាពបានឱ្យដឹងថា ព័ត៌មានលម្អិតនៃផ្នែកនៃការធ្វើដំណើររបស់សហរដ្ឋអាម៉េរិកទំនងជានឹងមកដល់មួយថ្ងៃប៉ុណ្ណោះ មុនពេលលោក ឡៃ ចាកចេញ។ គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង១២ ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ មានបីនៅតំបន់ប៉ាស៊ីហ្វិក ដូចជា៖ ប៉ាឡូ កោះម៉ាស្យល និងទូវ៉ាលូ ហើយលោក ឡៃ នឹងទៅប្រទេសទាំងអស់ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា៕

You might like