បទវិភាគ៖ ភពផែនដីដ៏ល្អស្រស់ផូរផង់នៃយើង កំពុងដុតរោលកម្លោចដោយដុំភ្លើងសង្គ្រាម ជម្លោះ វិបត្តិ និងភាពតានស្ទើរតែគ្រប់ទិសទី នៃដែនពសុធា។ ជាក់ស្តែង សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមស៊ីវិលនៅស៊ូដង់ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ការបង្ហូរឈាមជាតិសាសន៍ឯងនៅមីយ៉ាន់ម៉ា ជម្លោះអេត្យូពីនៅទ្វីបអាហ្រ្វិក អំពើហិង្សាដោយក្រុមប្រដាប់អាវុធហៃទី ភាពតានតឹងរវាងចិន-តៃវ៉ាន់ ថ្មក្ដៅនៅសមុទ្ទចិនខាងត្បូង វិបត្តិគ្រឿងញៀនបងតូចបងធំមិនអាចដោះស្រាយបាននៅម៉ិកស៊ិក និងវិបត្តិនានា ជាពិសេសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងតែទាញដៃពិភពលោកធ្លាក់ចូលជ្រោះរងើកភ្លើងសង្គ្រាមនៃអាវុធនុយក្លេអ៊ែរយ៉ាងផុយស្រួយ។ តើចំហាយសង្គ្រាមនុយក្លេអ៊ែរកំពុងសាយភាយក្លិនបណ្តើរៗហើយមែនទេ..? ប្រសិនបើបន្តបែបនេះ តើភពផែនដីនឹងទៅជាយ៉ាងណា..?

ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងមនុស្សម្នារនៅជុំវិញពិភពលោកទាំងមូល កំពុងដេកព្រួយកាន់តែខ្លាំងឡើង ជុំវិញវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈភ្លើងសង្គ្រាមនេះកំពុងឡើងកម្តៅខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ដែលអាចនាំឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរបានគ្រប់ពេលវេលា។ តើអ្វីទៅជាកត្តានាំឱ្យពិភពលោកងាយនឹងរអិលធ្លាក់ចូលក្នុងថ្លុកសង្គ្រាមនុយក្លេអ៊ែរ..? ដូចដែលយើងបានដឹងហើយ មិនមែនមានត្រឹមតែសហរដ្ឋអាម៉េរិកទេដែលលូកដៃជួយអ៊ុយក្រែន ក្នុងការតទល់ជាមួយរុស្ស៊ី បច្ចុប្បន្ន សហគមន៍អ៊ឺរ៉ុប អង្គការណាតូ និងបណ្តាប្រទេសធំៗមួយចំនួន ជាពិសេសអតីតបងធំអណានិគមចក្រភពអង់គ្លេស បានប្រកាសក្តែងៗក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈរាជស៊ីហ៍[អង់គ្លេស]បានសម្រួចចង្កូមរួចជាស្រេច ដើម្បីខាំត្របាក់ខ្លាឃ្មុំពណ៌ត្នោតអ៊ឺរ៉ាស៊ី[រុស្ស៊ី]។ យ៉ាងណា ខ្លាឃ្មុំពណ៌ត្នោតស៊ីសាច់ជាអាហារដ៏សាហាវមួយនេះបានត្រៀមខ្លួនស្វាគមន៌សត្រូវខ្លួនរួចជាស្រេចហើយដែរ ក្រោយប្រយុទ្ធគ្នាជាមួយក្របីព្រៃ[អ៊ុយក្រែន] អស់រយៈពេលជាង២ឆ្នាំយ៉ាងរំភើយ និងបានទាំងលេបទឹកដីមួយចំណិតរបស់អ៊ុយក្រែនចូលទៅក្នុងពោះរួចទៅហើយផងដែរ។

សង្គ្រាមនុយក្លេអ៊ែរកាន់តែចូលជិតមកដល់ ព្រោះសហរដ្ឋអាម៉េរិកបើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS បាញ់ស្រោចចូលទៅក្នុងទឹកដីរុស្ស៊ីកាន់តែជ្រៅ ដែលអាចបាញ់ចូលជម្រៅប្រមាណ៣០០គីឡូម៉ែត្រ។ ការណ៍នេះ..ជំរុញឱ្យបុរសមានចិត្តត្រជាក់ដូចទឹកកក [វ្ល៉ាឌីមៀ ពូទីន] ប្រកាសគំរាមម្ដងហើយម្ដងទៀតជុំវិញការវាយប្រហារអាវុធនុយក្លេអ៊ែរ។ អ្វីដែលកំពុងតែបញ្ឆេះភ្លើងកំហឹងក្នុងចិត្តបុរសខ្លាឃ្មុំទឹកកក ពូទីន ឱ្យកាន់តែពុះកញ្ជ្រោលក្នុងការចុចបេតុងនុយក្លេអ៊ែរនោះ គឺថា អ៊ុយក្រែនមិនត្រឹមតែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិកទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់មីស៊ីល Storm Shadow របស់អង់គ្លេស វាយប្រហាររុស្ស៊ីថែមទៀតផង ស្របពេលអង់គ្លេស ក៏បានប្រកាសត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ីគ្រប់ពេលវេលា។

សូមជម្រាបថា សហរដ្ឋអាម៉េរិក គឺជាប្រភពជំនួយយោធាដ៏ធំបំផុតសម្រាប់អ៊ុយក្រែនរួមទាំងសព្វាវុធ និងជំនួយហិរញ្ញវត្ថុ។ ជាក់ស្តែង ចន្លោះខែកុម្ភៈ ឆ្នាំ២០២២ ដល់ចុងខែសីហា ឆ្នាំ២០២៤ រដ្ឋធានីវ៉ាស៊ីតោនបានផ្តល់ជំនួយឱ្យអ៊ុយក្រែនប្រមាណជាង ៦១,១ពាន់លានដុល្លារ។ ពេលវេលាដដែល អាល្លឺម៉ង់បានផ្តល់ជំនួយយោធាចំនួន ១១,៤ពាន់លានដុល្លារ ខណៈចក្រភពអង់គ្លេសចំនួន១០,១ពាន់លានដុល្លារ។ ក្រៅពីនេះ ដាណឺម៉ាកផ្តល់ជំនួយដល់អ៊ុយក្រែន៧ពាន់លានដុល្លារ ហើយហូឡង់ចំនួន ៥,៥ពាន់លានដុល្លារ។ នេះបើយោងតាមអ្នកវិភាគអាល្លឺម៉ង់ Kiel Institute។ តាមពិតទៅ រុស្ស៊ីប្រៀបបាននឹងខ្លាឃ្មុំរោមទៅដោយហ្វូងរាជសីហ៍ និងហ្វូងចចក។ ដើរដល់ផ្លូវទាល់ច្រក! តើរុស្ស៊ីអាចចុចប៊ូតុងនុយក្លេអ៊ែរដែរឬទេ បើប្រទេសនេះ ជាមហាអំណាចអាវុធនុយក្លេអ៊ែរស្រាប់ទៅហើយនោះ..? តើពិភពលោកអាចគេចផុតពីមហន្តរាយសង្គ្រាមនុយក្លេអ៊ែរបានដែរឬទេ..?

ជុំវិញរឿងរ៉ាវនេះ អ្នកវិភាគភូមិសាស្ត្រនយោបាយពិភពលោក បានព្យាករថា ពិភពលោកកំពុងផុងខ្លួនកាន់តែជ្រៅចូលទៅក្នុងជ្រោះវិបត្តិសង្គ្រាមនុយក្លេអ៊ែរ ស្របពេលបងធំនុយក្លេអ៊ែរកំពុងតែសម្លក់សម្លឹងគ្នាមិនដាក់ភ្នែក។ តើកងប្រវត្ដិសាស្ត្រហាក់កំពុងវិលថយក្រោយ ឬយ៉ាងណា..? បើយើងក្រឡេកមើលស្ថានភាពបច្ចុប្បន្ន ឱ្យកាន់តែស៊ីជម្រៅ នោះយើងនឹងឃើញថា ពិភពលោកកំពុងវិវត្តិទៅរកវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដោយគូបដិបក្ខធំៗទាំងពីរ គឺសហរដ្ឋអាម៉េរិក និងសហភាពសូវៀតប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា ហៀបនឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែររួចទៅហើយ។ ប្រសិនបើផ្ទុះសង្គ្រាមនុយក្លេអ៊ែរមែននោះ ពិភពលោកដ៏ស្រស់ផូរផង់របស់យើង នឹងប្រែក្លាយទៅជាផេះផង់ និងល្អងធូលី។ យ៉ាងណា យើងរង់ចាំចាំមើលទាំងអស់ថា តើភ្នក់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចរលត់ដែរឬទេ..ឬក៏រាលឆាបឆេះទូទាំងពិភពលោក?……៕




