ឋធានីប៉េកាំង៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) បានលើកឡើងនៅថ្ងៃសុក្រទី២២ ខែវិច្ឆិកាថា ចិនមានឆន្ទៈក្នុងការធ្វើកិច្ចសន្ទនាយ៉ាងសកម្មជាមួយសហរដ្ឋអាម៉េរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
លោក វ៉ាង ដែលជាអ្នកតំណាងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនផងដែរ បាននិយាយថា ប្រទេសចិននឹងអាចដោះស្រាយ និងទប់ទល់ ផលប៉ះពាល់នៃការប៉ះទង្គិចពីខាងក្រៅ។ លោកលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរអំពីផលប៉ះពាល់នៃពន្ធដែលអាចមានពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅប៉េកាំងថា៖«យើងជឿជាក់ថាប្រទេសចិន និងសហរដ្ឋអាម៉េរិក អាចរក្សាបាននូវស្ថិរភាព សុខភាពល្អ និងនិន្នាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចិនក៏មានឆន្ទៈក្នុងការពង្រីកតំបន់នៃកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា ជាមួយសហរដ្ឋអាម៉េរិកផងដែរ»។

ជាមួយនឹងការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការដាក់ពន្ធលើសពី៦០ភាគរយលើទំនិញរបស់ចិនទាំងអស់ បានធ្វើឱ្យក្រុមហ៊ុនផលិតរបស់ចិនមានភាពច្របូកច្របល់ និងពន្លឿនការផ្លាស់ប្ដូរទីតាំងរោងចក្រទៅកាន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត អ្នកនាំចេញរបស់ចិន កំពុងប្រឈមមុខនឹងការរំខានពាណិជ្ជកម្ម។ អ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជឿថា សហរដ្ឋអាម៉េរិកអាចដាក់ពន្ធជិត៤០ភាគរយ លើការនាំចូលពីប្រទេសចិននៅដើមឆ្នាំក្រោយ វាអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោករហូតដល់១ភាគរយ។

អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីវិធានការគោលនយោបាយជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្រៅប្រទេស រួមទាំងការសន្យាពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន និងពង្រីកការនាំចេញផលិតផលកសិកម្ម។ ពាណិជ្ជកម្មអាម៉េរិកជាមួយចិន បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយមានសារសំខាន់សម្រាប់ប្រទេសទាំងពីរ។ សព្វថ្ងៃនេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយសម្រាប់ទំនិញ និងសេវាកម្មរបស់សហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញកំពូលសម្រាប់ប្រទេសចិន។ ការកើនឡើងពាណិជ្ជកម្ម៖ តម្លៃនៃការនាំចូលទំនិញរបស់សហរដ្ឋអាម៉េរិកពីប្រទេសចិន បានកើនឡើងពីប្រហែល១០០ពាន់លានដុល្លារក្នុងឆ្នាំ២០០១ ដល់ជាង៤០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕

