ភ្នំពេញ៖ រថយន្តធំៗចំនួន៩គ្រឿងនៅខេត្តតាកែវ និងខេត្តកណ្តាល ត្រូវមន្ត្រីជំនាញចាប់ឃាត់ពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល១ឆ្នាំ ក្រោយត្រួតពិនិត្យឃើញថា បានលួចដឹកលើសកម្រិតកំណត់នៃច្បាប់ផ្លូវថ្នល់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤..។

ប្រតិបត្តិការឃាត់រថយន្តទាំងនោះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១វិច្ឆិកា ក្នុងនោះមន្ត្រីជំនាញបានត្រួតពិនិត្យយានយន្តសរុបចំនួន៩គ្រឿងនៅទីតាំងចំនួន៣ផ្សេងគ្នា។ ទីតាំងទាំងនោះរួមមាន៖ ១.ផ្លូវជាតិលេខ៥ គីឡូបម៉ែត្រលេខ៥០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យយានយន្តចំនួន៤គ្រឿង រកឃើញដឹកលើសទម្ងន់កម្រិតកំណត់៣គ្រឿង មានពាក់ឡូហ្គោ SSP,CN ជាប្រភេទរថយន្តភ្លៅ២ និងភ្លៅ៤។ យានយន្តដឹកខ្សាច់ និងស្រូវ ផ្ទុកលើសទម្ងន់ចន្លោះពី៩ដល់១២តោន។ ទី២.ផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ១០១ ស្រុកទ្រាំង ខេត្តតាកែវ ត្រួតពិនិត្យយានយន្តចំនួន៣គ្រឿង លើសទម្ងន់កម្រិតកំណត់២គ្រឿង ជាប្រភេទរថយន្តភ្លៅ៣ ដឹកស្រូវ ផ្ទុកទម្ងន់លើសទម្ងន់ចន្លោះពី៥ដល់៨តោន។ រីឯទីតាំងទី៣.ផ្លូវជាតិលេខ១២៦ ស្រុកបាទី ខេត្តតាកែវ យានយន្ត២គ្រឿងពាក់ឡូហ្គោ TSM ប្រភេទរថយន្តភ្លៅ៤ ដឹកថ្ម ផ្ទុកទម្ងន់៥៩តោនដូចគ្នា លើសទម្ងន់កម្រិតកំណត់ចំនួន២៩តោន។
ក្រសួងគូសបញ្ជាក់ថា ក្រុមការងារបានត្រួតពិនិត្យយានយន្ត៩គ្រឿង រួមមាន ៧គ្រឿងផ្ទុកលើសទម្ងន់កម្រិតកំណត់ចន្លោះពី៥ដល់២៩តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល១ឆ្នាំ៣គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ បើកបរលើបណ្តាញផ្លូវថ្នល់។ យ៉ាងណាពាក់ព័ន្ធករណីនេះ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់រថយន្ត និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
គួរជម្រាបថា ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានរថយន្តប្រមាណ ២ ៣៤៨ ៩៦៨គ្រឿង(ជាង២លានគ្រឿង) ត្រូវបានត្រួតពិនិត្យ។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញរថយន្តផ្ទុកលើសទម្ងន់កំណត់ចំនួនជាង៧៥ម៉ឺនគ្រឿង ខណៈរថយន្តលើសកម្រិតកំណត់ខ្លាំងត្រូវឃាត់ទុក១ឆ្នាំ មានចំនួន៨៦គ្រឿង។ នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៕

