កាន់តែក្ដៅ! ពិភពលោកកំពុងសម្លឹងទៅមជ្ឈិមបូព៌ាមិនដាក់ភ្នែក ក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បែនចាមីន នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូវ ហ្កាឡិន ពីបទ«ឧក្រិដ្ឋកម្មសង្គ្រាម»។ ការប្រកាសក្តែងៗរបស់ ICC លើការចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលបែបនេះ ធ្វើឱ្យបណ្តាប្រទេសមានឥទ្ធិពលជាច្រើនជ្រួលច្របល់ជាខ្លាំង ដោយខ្លះប្រតិកម្មវិជ្ជមាន និងគាំទ្រសេចក្ដីសម្រេចរបស់ ICC ប៉ុន្តែខ្លះទៀតហាក់បង្ហាញពីជំហរមិនគាំទ្រ ហើយខ្លះថែមទាំងបានចំអកឡកឡឺយសេចក្ដីសម្រេចនេះថែមទៀតផង។ ដូច្នេះ តើប្រទេសណាខ្លះគាំទ្រសេចក្ដីសម្រេចរបស់ ICC…? ហើយ និងថាតើប្រទេសណាខ្លះប្រកាន់ជំហររឹងត្អឹង បដិសេធលើសេចក្ដីសម្រេចនេះ..?

ប្រទេសដែលប្រតិកម្ម និងបដិសេធយ៉ាងដាច់អហង្កាចំពោះសេចក្ដីសម្រេចរបស់ ICC គឺ៖ អ៊ីស្រាអែល ខ្លួនឯងផ្ទាល់តែម្ដង ដោយការិយាល័យលោក នេតាន់យ៉ាហ៊ូ រិះគន់ចំណាត់ការនេះថាជា«ការប្រឆាំងនឹងពួកយូដា ហើយនេះជាសកម្មភាពដ៏ខ្ពើមរអើម មិនសមហេតុផលទាល់តែសោះ»។ ទន្ទឹមគ្នានេះ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល គឺ សហរដ្ឋអាម៉េរិក បានកាន់ជើងអ៊ីស្រាអែលថា«ការសម្រេចចិត្តរបស់ ICC គ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានយុត្តាធិការលើបញ្ហានៃវិបត្តិសង្គ្រាមឡើយ»។ ជាមួយគ្នានេះ ហុងគ្រី ក៏មិនយល់ស្របចំពោះសេចក្ដីសម្រេចនេះដែរ ដោយប្រទេសនេះចាត់ទុកថា«ការសម្រេចចិត្តនេះ ធ្វើឱ្យខូចប្រព័ន្ធតុលាការអន្តរជាតិ ហើយការសម្រេចចិត្តបែបនេះ គឺមិនអាចទទួលយកបានទេ»។ មិនទាន់អស់ទេ អាហ្សង់ទីន ក៏មិនទទួលស្គាល់សេចក្ដីសម្រេចនេះដូចគ្នា ទន្ទឹមនឹងប្រធានាធិបតីនៃប្រទេសអាម៉េរិកឡាទីនមួយនេះ បានប្រតិកម្មយ៉ាងដាច់អហង្កាចំពោះការសម្រេចបែបនេះ។
យ៉ាងណា ទោះបីជាមានការមិនគាំទ្រជុំវិញសេចក្ដីសម្រេចរបស់ ICC ដោយប្រទេសមួយដំបរស្វាក៏ដោយ ក៏មានប្រទេសជាច្រើនគាំទ្រលើការសម្រេចរបស់ ICC ជុំវិញការចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលផងដែរ។ ជាក់ស្តែង ក្រុមហាម៉ាស បានស្វាគមន៍ចំពោះការសម្រេចចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ និងលោក ហ្កាឡិន ថាជា«ជំហានដ៏សំខាន់ឆ្ពោះទៅរកយុត្តិធម៌»។ ទន្ទឹមនឹងប្រជាជននៅតំបន់ហ្កាហ្សា បានសាទរយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចនេះ ខណៈអាជ្ញាធរប៉ាឡេស្ទីន បានអះអាងថា៖«ការសម្រេចចិត្តរបស់ ICC តំណាងឱ្យក្ដីសង្ឃឹម និងទំនុកចិត្តលើច្បាប់ និងស្ថាប័នអន្តរជាតិ»។ មិនតែប៉ុណ្ណោះ ហ្ស៊កដានី គូសបញ្ជាក់ថា៖«ការសម្រេចចិត្តរបស់ ICC ត្រូវតែគោរព និងអនុវត្តតាម។ ប្រជាជនប៉ាឡេស្ទីនសមនឹងទទួលបានយុត្តិធម៌»។ ដោយឡែក នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ បានគាំទ្រថា៖«វាពិតជាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាគោរពតាមច្បាប់អន្តរជាតិ»។
ជាមួយគ្នា អាហ្វ្រិកខាងត្បូង បានចាត់ទុកសេចក្ដីសម្រេចរបស់ ICC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅប៉ាឡេស្ទីន។ ជាងនេះទៅទៀត សហភាពអឺរ៉ុប បានបញ្ជាក់ថា ដីការបស់ ICC គួរតែត្រូវបានគោរព និងអនុវត្ត។ រីឯប្រទេសហូឡង់ គោរពឯករាជ្យភាពរបស់ ICC និងសន្យាអនុវត្តយ៉ាងពេញទំហឹងចំពោះចំណាត់ការមួយនេះ ខណៈបារាំងក៏ស្របតាមលក្ខន្តិកៈរបស់ ICC ផងដែរ។ មិនតែប៉ុណ្ណោះ ប្រទេសន័រវេស បានសរសើរអំពីសារសំខាន់ជុំវិញការអនុវត្តរបស់ ICC ប្រកបដោយយុត្តិធម៌ខ្ពស់បំផុត។ ចំណែក អៀរឡង់ បានចាត់សេចក្ដីសម្រេចនេះជា «ជំហានដ៏សំខាន់មួយ»។ ក្នុងពេលតំណាលគ្ អ៊ីតាលី លើកឡើងថា៖«យើងគាំទ្រ ICC [..] តុលាការត្រូវតែដើរតួនាទីផ្លូវច្បាប់ និងមិនមែនជាតួនាទីនយោបាយនោះទេ»។ ស៊ុយអែត លេងធ្ងន់ដៃជាងគេដោយប្រកាសចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលនៅលើទឹកដីស៊ុយអែត។
មិនគិតយូរឡើយ ចក្រភពអង់គ្លេស សម្រេចគោរពឯករាជ្យភាពរបស់ ICC ខណៈអូទ្រីសប្រកាសអនុវត្តដីកាចាប់ខ្លួន ICC។ មិនខុសពីស៊ុយអែតប៉ុន្មានទេ ប្រទេសស្វីស សន្យាថា នឹងចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ និងលោក ហ្កាឡិន ប្រសិនបើពួកគេជាន់ទឹកដីស្វីស។ ជាមួយគ្នានេះ តួកគី ចាត់ទុកសេចក្ដីសម្រេចនេះជា «ក្ដីសង្ឃឹម និងជាជំហានដ៏សំខាន់ក្នុងការនាំយកមកនូវយុត្តិធម៌ និងបញ្ឈប់នូវអំពើប្រល័យពូជសាសន៍ប្រឆាំងប៉ាឡេស្ទីន»។ ជាចុងក្រោយ អង្គការលើកលែងទោសអន្តរជាតិ បញ្ជាក់ថា៖«នៅទីបំផុត កងនៃយុត្តិធម៌អន្តរជាតិ បានចាប់អ្នកដែលត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅប៉ាឡេស្ទីន និងអ៊ីស្រាអែលហើយ»៕



