តុលាការថៃច្រានចោលញត្តិចោទប្រកាន់លោក ថាក់ស៊ីន ថាបានជ្រៀតជ្រែកកិច្ចការក្នុងបក្សភឿថៃ

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានច្រានចោលញត្តិដែលចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីបទជ្រៀតជ្រែកកិច្ចការក្នុងបក្សភឿថៃដែលកំពុងកាន់អំណាច និងគប់គិតជាមួយបក្សនេះដើម្បីផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ…។

ចៅក្រមទាំង៩រូបបានយល់ស្របថា ញត្តិដែលប្តឹងដោយមេធាវី តេរ៉ាយុទ្ធ ស៊ូវ៉ាន់កេសន (Teerayut Suwankesorn) មិនស្របតាមលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យរបស់តុលាការ។ ញត្តិ​នេះ​បាន​ចោទ​ថា​ លោក ថាក់ស៊ីន ​កំពុង​ប៉ុនប៉ង​ធ្វើ​ឱ្យ​រាជាធិបតេយ្យ​ធ្លាក់​ចុះ ​និង​បង្កើនឥទ្ធិពលលើ​ភឿថៃ។ លោក ថាក់ស៊ីន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបដិសេធឥតឈប់ឈរនូវការប្រើប្រាស់ឥទ្ធិពលលើគណបក្សភឿថៃ ចាប់តាំងពីការវិលត្រឡប់របស់លោកពីការនិរទេសខ្លួនឯងរយៈពេល១៥ឆ្នាំក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ចាប់តាំងពីជាប់ពន្ធនាគារមក លោកថាក់ស៊ីន វ័យ៧៥ឆ្នាំ បានធ្វើយុទ្ធនាការឱ្យគណបក្សភឿថៃក្នុងការបោះឆ្នោតក្នុងស្រុក ខណៈកំពុងធ្វើសំណើគោលនយោបាយទៅរាជរដ្ឋាភិបាល ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងរងគ្រោះរបស់ប្រទេសឡើងវិញ។ កាលពីដើមឆ្នាំនេះ តុលាការធម្មនុញ្ញបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃ គឺ បក្សចលនាឆ្ពោះទៅមុខ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ខ្លួនដែលចង់កែប្រែមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។ គណបក្សនេះបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងពីការបង្កើតរាជរដ្ឋាភិបាលដោយក្រុមគាំទ្ររាជានិយម និងក្រុមគាំទ្រដោយយោធា៕

You might like