ភ្នំពេញ៖ គម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ឬហៅកាត់ថា ស៊ីអ៊ិលវី-ឌីធីអេ (CLV-DTA) ដែលកន្លងមកធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាហត់មាត់មិនស្ទើរក្នុងការពន្យល់នោះ អាចចាត់ទុកថា ចប់សព្វគ្រប់ហើយ ហើយក៏ប្រហែលជាលែងមានការវែកញែកផុសផុលទៀតដែរ បន្ទាប់ពីព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រមដាក់ច្បាប់ស្តីពីការលុបគម្រោងនេះចូលជាធរមាន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់ស្តីពីការលុបគម្រោងស៊ីអ៊ិលវីចូលជាធរមាន មានន័យថា កម្ពុជា លែងមានស៊ីអ៊ិលវីនេះទៀតហើយ។ ប៉ុន្តែ រាជរដ្ឋាភិបាល អ្នកនាំពាក្យ និងមន្រ្តីពាក់ព័ន្ធ នឹងមិនអស់រឿងដែលត្រូវបកស្រាយឡើយ។ កោះគជ់ ឬកោះគុត ច្បាស់ជានឹងក្លាយជាប្រធានបទថ្មី បន្ទាប់ពីរឿងស៊ីអ៊ិលវី។

អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រហែលជាកំពុងនឹកគិតពីពាក្យពេចន៍ ហើយក៏ប្រហែលកំពុងស្រាវជ្រាវ និងប្រមូលឯកសារផ្សេងៗអំពីបញ្ហាដែនសមុទ្ទកម្ពុជា-ថៃ ដើម្បីត្រៀមតទល់នឹងក្រុមជំទាស់នៅក្រៅប្រទេស រួមទាំងទុកបកស្រាយជាមួយអ្នកសារព័ត៌មានផងដែរ។ ចំពោះ រាជរដ្ឋាភិបាល វោហារសាស្ត្រដែលចេញពីក្រុមជំទាស់ មិនអាចព្រងើយកន្តើយនោះទេ។ កន្លងមក មានមួយចំនួន ដូចជា មូលដ្ឋានទ័ពជើងទឹករាម ព្រែកជីកហ៊្វូណន និងស៊ីអ៊ិលវី ជាអាទិ៍ សុទ្ធតែធ្វើឱ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់មិនតិចឡើយក្នុងការតតបនឹងអ្នកប្រឆាំង និងការពន្យល់ដល់ប្រជាជន។ ការចេញមកប្រតិកម្ម និងការធ្វើសេចក្ដីបំភ្លឺឱ្យទាន់ពេល គឺជាកិច្ចការសំខាន់មួយរបស់រាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាល បារម្ភថា បើមិនបកស្រាយពីរឿងអ្វីមួយឱ្យច្បាស់ និងទាន់ពេល ដោយបណ្តោយឱ្យអ្នកប្រឆាំងនិយាយរហូត រឿងនោះមុខតែនឹងធ្វើឱ្យរាជរដ្ឋាភិបាលកាន់តែពិបាកដោះស្រាយនៅពេលក្រោយ។

ជាក់ស្តែង ដូចរឿងស៊ីអ៊ិលវី! ទាំងថ្នាក់ដឹកនាំកំពូលៗ និងទាំងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានព្យាយាមឆ្លើយតបត្រឡប់ទៅកាន់ក្រុមជំទាស់ពីចម្ងាយផង និងខិតខំពន្យល់ប្រជាជនក្នុងស្រុកផង។ ចំពោះរឿងស៊ីអ៊ិលវី ដែលផ្ទុះឡើងក្នុងជំនាន់រាជរដ្ឋាភិបាលថ្មីនេះ គេឃើញមានអតីតអ្នកកាសែតជើងចាស់២នាក់ គឺ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ[ការបរទេស] និងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមុខបកស្រាយញឹកញាប់ជាងគេ។ ការប្រើវោហារសាស្ត្រ និងការបង្ហាញឯកសារផ្សេងៗពីសំណាក់មន្រ្តីរាជរដ្ឋាភិបាល ពិតជាបានរួមចំណែកមួយផ្នែកធំក្នុងការរម្ងាប់អារម្មណ៍ប្រជាជន ដែលព្រួយបារម្ភថា ស៊ីអ៊ិលវី ធ្វើឱ្យកម្ពុជាបាត់ខេត្តតាមព្រំដែនទៅប្រទេសជិតខាង។ ទោះមានហេតុផល ដើម្បីបកស្រាយក្ដី តែទីបំផុត រាជរដ្ឋាភិបាល នៅតែសម្រេចដកកម្ពុជា ចេញពីស៊ីអ៊ិលវីនេះ ព្រោះតែមិនចង់ឱ្យមានរឿងវែងឆ្ងាយ។
ចូលដល់រឿងកោះគជ់ ឬកោះគុត ប្រហែលជារសើបជាងរឿងស៊ីអ៊ិលវីទៅទៀត ហើយក៏ប្រហែលជាធ្វើឱ្យមន្រ្តីរាជរដ្ឋាភិបាល កាន់តែលំបាកក្នុងការបកស្រាយផងដែរ។ បច្ចុប្បន្ន ថៃកំពុងកាន់កាប់កោះគុតទាំងស្រុង ហើយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ថែមទាំងប្រកាសថា កោះនេះគឺជា[កម្មសិទ្ធិ]របស់ថៃ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ដែនទឹក ឬដែនសមុទ្ទ (ដោយរាប់ទាំងកោះផង) កម្ពុជា-ថៃ មិនដែលឯកភាពគ្នាម្ដងណាឡើយ ដោយភាគីទាំង២នៅតែបន្តចរចា។ សម្តេចសង្កត់ធ្ងន់ថា លុះត្រាជួបគ្នានិយាយទល់មុខរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រទេសទាំង២ និងមានការចុះហត្ថលេខាលើឯកសារផ្លូវការ ទើបអាចយកជាផ្លូវការបានថា ផ្នែកណាមួយក្នុងដែនសមុទ្ទ ត្រូវប្រគល់ទៅឱ្យភាគីណា។ មេដឹកនាំកម្ពុជា ថែមទាំងប្រកាសថា កន្លងមក កម្ពុជា-ថៃ ចរចាត្រូវគ្នា និងឯកភាពគ្នាតែទៅលើបញ្ហាដែនគោកប៉ុណ្ណោះ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ទៅដល់កោះគុតកាលពីឆ្នាំ១៩៩០ ប្រកាសប្រាប់ប្រជាជនថា រាជរដ្ឋាភិបាល កម្ពុជា-ថៃ នៅតែដោះស្រាយជាមួយគ្នាក្នុងរឿងព្រំដែនសមុទ្ទ តាមរយៈវិធីចរចា។ ប្រមុខគណបក្សកាន់អំណាច ស្នើឱ្យប្រជាជនកម្ពុជា ទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ចរចាជាមួយរាជរដ្ឋាភិបាលថៃ។ ទោះបីសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ចេញមកអត្ថាធិប្បាយពីរឿងកោះគុតក្ដី តែហេតុផលទាំងនេះ នឹងមិនអាចធ្វើឱ្យរឿងកោះគុតស្ងប់រម្ងាប់ឡើយ។

ក្រុមអ្នកជំទាស់ ច្បាស់ជានៅតែនិយាយពីកោះគុតនេះ។ មានចំណុចធំៗ២ ដែលក្រុមជំទាស់ លើកឡើងជាញឹកញាប់ គឺ ទី១.កម្ពុជាមានសិទ្ធិកាន់កាប់កោះគុតដែរ ដោយសំអាងលើសន្ធិសញ្ញបារាំង-សៀមឆ្នាំ១៩០៧ និងទី២.ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារសិទ្ធិកាន់កាប់កោះនេះ។ ក្រុមអ្នកជំទាស់ ចេះតែចង់រុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិក្នុងរឿងកោះគុត ក៏ព្រោះកម្ពុជា ធ្លាប់មានបទពិសោធយកឈ្នះថៃ ក្នុងរឿងប្រាសាទព្រះវិហារ។ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលចេញមកបកស្រាយហើយ គឺដល់វេនមន្រ្តីរាជរដ្ឋាភិបាល និងអ្នកនាំពាក្យ ត្រូវត្រៀមខ្លួនបកស្រាយវិញម្ដង ដើម្បីទប់ស្កាត់កុំឱ្យរឿងកោះគុតកាន់តែក្ដៅ ឬរហូតអាចក្លាយជាចលនាណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល៕

