តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ អតីតរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និងខ្មោចមេដឹកនាំក្រុមហាម៉ាស

ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្កាឡិន ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស លោក អ៊ីប្រាហ៊ីម អាល់ម៉ាស្រ៊ី (Ibrahim Al-Masri) កាលពីថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងភ្លើងសង្គ្រាមនៅតំបន់ហ្កាហ្សា…។

នៅក្នុងសេចក្តីសម្រេច ចៅក្រម ICC អះអាងថា មានហេតុផលសមស្របដែលលោក នេតាន់យ៉ាហ៊ូ និងលោក យ៉ូវ ហ្កាឡិន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះអំពើព្រៃផ្សៃនានារួមមាន៖ ឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងយកភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ដែលជាផ្នែកមួយនៃការវាយប្រហារយ៉ាងទូលំទូលាយប្រឆាំងប្រជាជនស៊ីវិលនៅតំបន់ហ្កាហ្សា។ ចៅក្រមបន្ថែមថា ការបិទផ្លូវតំបន់ហ្កាហ្សា និងកង្វះខាតស្បៀងអាហារ ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ បានបង្កើតលក្ខខណ្ឌនៃជីវិតដ៏គួរឱ្យសង្វេគ នៃប្រជាជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ដោយបន្សល់ទុកនូវសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ និងការស្លាប់របស់ជនស៊ីវិល ខណៈកុមារខ្វះអាហារូបត្ថម្ភ ធ្លាក់ក្នុងវិបត្តិទុរ្ភឹក្ស។ សេចក្តី​សម្រេចរបស់ ICC បានធ្វើឱ្យអ៊ីស្រាអែលក្ដៅក្រហាយជាខ្លាំង ខណៈរដ្ឋធានីកៀ​វប្រតិកម្មទាំងកំហឹងថា វាជា​រឿងដ៏​អាម៉ាស់ និង​មិន​ទំនង​ទាល់​តែ​សោះ។

លោក បែនចាមីន នេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក យ៉ូវ ហ្កាឡិន
លោក បែនចាមីន នេតាន់យ៉ាហ៊ូ (ឆ្វេង) និងលោក យ៉ូវ ហ្កាឡិន

អ៊ីស្រាអែល​បាន​ច្រានចោល​យុត្តាធិការ​របស់​តុលាការ ​​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ និង​បដិសេធ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ហ្កាហ្សា។ ទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិក ដែលជាអ្នកគាំទ្រការទូតសំខាន់របស់អ៊ីស្រាអែល បានបដិសេធជាមូលដ្ឋានចំពោះការសម្រេចនេះ។ រដ្ឋធានីវ៉ាស៊ីនតោន មិនមែនជាសមាជិកនៃ ICC ទេ។ ដោយឡែក លោក អ៊ីប្រាហ៊ីម អាល់ម៉ាស្រ៊ី មេដឹកនាំក្រុមហាម៉ាស ក៏ត្រូវបានចោទប្រកាន់អំពីការសម្លាប់រង្គាលក្នុងកំលុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល បានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា និងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការចាប់ចំណាប់ខ្មាំងផងដែរ។ មែនទែនទៅ ការកាត់ទោស​លោក អ៊ីប្រាហ៊ីម អាល់ម៉ាស្រ៊ី ពិតជាចម្លែកណាស់ ដោយមេដឹកនាំក្រុមហាម៉ាសរូបនេះ ត្រូវបានគេស្គាល់ថា ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីខែកក្កដាកន្លងទៅបាត់ទៅហើយ។

សូមជម្រាបថា យុទ្ធនាការរយៈពេល១៣ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានផ្តាច់សង្ខារប្រជាជនជាតិប៉ាឡេស្ទីនប្រហែល៤៤០០០នាក់ ខណៈមនុស្សទូទាំងតំបន់មួយចំណិតនេះ បានជម្លៀសខ្លួនទាំងវេទនា ស្របពេលវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន។ នេះបើតាមក្រុមមន្ត្រីនៅតំបន់ហ្កាហ្សា៕

You might like