រដ្ឋធានីមូស្គូ៖ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែពុះកញ្ជ្រោល។ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេង លើទីក្រុង Dnipro របស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា ជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យរដ្ឋធានីកៀវ វាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងអាវុធទំនើបរបស់បស្ចិមប្រទេស ក្នុងការកើនឡើងនៃភាពតានតឹងបន្ថែមទៀតនៃសង្គ្រាមមានរយៈពេល៣៣ខែ…។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសុន្ទរកថាតាមទូរទស្សន៍ បាននិយាយថា៖«រដ្ឋធានីមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ជាមួយនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម លឿនជាងសំឡេងថ្មី ដែលគេស្គាល់ថា Oreshnik ហើយបានព្រមានថា អាចនឹងកើតមានជាច្រើនទៀត។ ជនស៊ីវិលនឹងត្រូវបានព្រមានមុនការវាយប្រហារបន្ថែមទៀតដោយអាវុធបែបនេះ»។ លោក ពូទីន អះអាងថា ការប្រើមីស៊ីលផ្លោងរយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ជាការឆ្លើយតបចំពោះទង្វើរបស់អ៊ុយក្រែន។ លោក ពូទីន ឱ្យដឹងបន្ថែមថា បន្ទាប់ពីការយល់ព្រមពីរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន អ៊ុយក្រែនបានវាយប្រហាររុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ផលិតដោយសហរដ្ឋអាម៉េរិកចំនួន៦ដើម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងដោយមីស៊ីល Storm Shadow របស់អង់គ្លេស និង HIMARS ផលិតដោយសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២១វិច្ឆិកា។ លោក ពូទីន បានសង្កត់ធ្ងន់ថា សង្រ្គាមអ៊ុយក្រែនកំពុងវិវត្តឆ្ពោះទៅរកជម្លោះជាសកល។

ដំបូងឡើយរដ្ឋធានីកៀវ អះអាងថា រុស្ស៊ីបាញ់មីស៊ីលផ្លោងអន្តរទ្វីប ជាអាវុធដែលរចនាឡើងសម្រាប់ការវាយប្រហារនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ និងមិនធ្លាប់មានពីមុនមកក្នុងសង្គ្រាម។ ប៉ុន្តែមន្ត្រីសហរដ្ឋអាម៉េរិក និងអង្គការណាតូបានបន្ទរការពិពណ៌នារបស់លោក ពូទីន អំពីអាវុធនេះ ថាជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម អាចវាយប្រហារបានរយៈចម្ងាយខ្លីជាងពី៣០០០ ទៅ៥៥០០គីឡូម៉ែត្រ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា ការប្រើប្រាស់មីស៊ីលថ្មីនេះ គឺជាការកើនឡើងនៃភាពតានតឹងយ៉ាងច្បាស់ និងធ្ងន់ធ្ងរនៅក្នុងសង្រ្គាម ហើយបានអំពាវនាវឱ្យមានការថ្កោលទោសយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ មន្ត្រីអាម៉េរិកម្នាក់ បានឱ្យដឹងថា រុស្សីបានជូនដំណឹងដល់រដ្ឋធានីវ៉ាស៊ីនតោនភ្លាមៗមុនពេលវាយប្រហារ ខណៈមន្ត្រីម្នាក់ទៀតបាននិយាយថា សហរដ្ឋអាម៉េរិកបានជូនដំណឹងដល់រដ្ឋធានីកៀវ និងសម្ព័ន្ធមិត្ត ដើម្បីត្រៀមជើងព្រួលសម្រាប់ការប្រើប្រាស់អាវុធបែបនេះ។

កងទ័ពអាកាសរបស់អ៊ុយក្រែនបានឱ្យដឹងថា មីស៊ីលបានកំណត់គោលដៅវាយប្រហារទីក្រុង Dnipro នៅភាគកណ្តាលភាគខាងកើតអ៊ុយក្រែន ហើយត្រូវបានបាញ់ចេញពីតំបន់ Astrakhan របស់រុស្ស៊ី មានចម្ងាយជាង៧០០គីឡូម៉ែត្រ។ រុស្សីក៏បានបាញ់មីស៊ីលល្បឿនលឿន Kinzhal និងមីស៊ីល Kh-101 ចំនួន៧ដើម ក្នុងនោះ ៦ដើមត្រូវបានបាញ់ទម្លាក់។ ការវាយប្រហារបានផ្តោតលើសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុង Dnipro។ Dnipro គឺជាមជ្ឈមណ្ឌលផលិតមីស៊ីលនៅសម័យសូវៀត។ អ៊ុយក្រែនបានពង្រីកឧស្សាហកម្មយោធារបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាម ប៉ុន្តែរក្សាកន្លែងផលិតជាសម្ងាត់។ ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ អ៊ុយក្រែនបានបាញ់មីស៊ីលរបស់អាម៉េរិក និងអង់គ្លេស ទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ខណៈរដ្ឋធានីម៉ូស្គូបាព្រមានចាត់វិធានការតបតឥតញញើតដៃ៕

