ភ្ញៀវទេសចរបរទេស៤នាក់ ពុលស្រាស្លា.ប់នៅឡាវ

រដ្ឋធានីវៀងចន្ទន៍៖ ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់បានស្លាប់ បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀងនៃប្រទេសឡាវ ខណៈចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុពុលស្រានៅឡាវនេះ បានកើនឡើងដល់៤នាក់ ដោយអ្នក​ស្លាប់​បី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ពលរដ្ឋ​ដាណឺម៉ាក​ពីរ​នាក់ ​និង​ជនជាតិ​អាម៉េរិក​ម្នាក់។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា..។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស បានប្រាប់សភាថា ក្មេងស្រីវ័យជំទង់ឈ្មោះ បៀនកា ចូណេស (Bianca Jones) អាយុ១៩ឆ្នាំ បានស្លាប់ បន្ទាប់ពីពុលស្រានៅឡាវ។ គួររំឭកថា មុនផុតដង្ហើម យុវនារីនេះត្រូវបានជម្លៀសចេញពីប្រទេសឡាវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ខណៈមិត្តភក្តិម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ លោក អាល់បាណេស បានប្រាប់សមាជិកសភាថា៖«នេះគឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់ឪពុកម្តាយគ្រប់រូប និងជាសុបិនដ៏អាក្រក់ដែលគ្រប់គ្នាមិនចង់ឃើញ[..]»។

លោក អាន់ថូនី អាល់បាណេស
លោក អាន់ថូនី អាល់បាណេស

គួររំឭកថា ស្ត្រី​អូស្ត្រាលី​ទាំង​២​នាក់​ បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា បន្ទាប់​ពី​ផឹកស៊ី​ជាមួយគ្នានៅពេលរាត្រីមួយ។ ពួកគេត្រូវបានគេជឿថា បានផឹកស្រាដែលមានជាតិមេតាណុលខ្ពស់។ យោងតាមរបាយការណ៍របស់ The Age ស្ត្រីទាំងពីរនាក់បានស្នាក់នៅសណ្ឋាគារ Nana Backpacker Hostel អំឡុងពេលធ្វើដំណើរកម្សាន្តរបស់ពួកគេ។ អ្នកគ្រប់គ្រងសណ្ឋាគារ លោក ដួង ឌុចទ័ន (Duong Duc Toan) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ស្ត្រីទាំងពីរនាក់មិនស្រួលខ្លួន រួចសេវាកម្មសណ្ឋាគារបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។

រូបភាពតំណាង
រូបភាពតំណាង

រដ្ឋាភិបាលអូស្ត្រាលី បានកត់សម្គាល់ឃើញថា ជនបរទេសជាច្រើននាក់បានធ្លាក់ខ្លួនរងគ្រោះដោយការពុលមេតាណុលក្នុងប្រទេសឡាវក្នុងខែនេះ បន្ទាប់ពីផឹកស្រាឡាវ ខណៈរដ្ឋធានីកង់ប៉េរ៉ា បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នពេលផឹកស៊ីនៅទីនោះ។ ជាចុងក្រោយ សារព័ត៌មាន ABC News បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានធ្លាក់ខ្លួនឈឺផងដែរ បន្ទាប់ពីផឹកស្រានៅក្រុងវ៉ាងវៀងនៃប្រទេសឡាវ៕

You might like