ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមានប្រសាសន៍អំពាវនាវឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួងធម្មការ និងសាសនា គួរពិចារណាទិញដីកន្លែងផ្សេង សម្រាប់ឱ្យពលរដ្ឋធ្វើចេតិយ ខណៈវត្តមួយចំនួនស្ទើរមិនមានទីធ្លានៅទំនេរ…។
ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ន វត្តអារាមស្ទើរទាំងអស់ពោរពេញទៅដោយចេតិយ ខណៈចំនួនចេតិយគ្របដណ្ដប់ស្ទើរតែ៥០ភាគរយនៃចំនួនកុដ្ឋិព្រះសង្ឃ សាលាឆាន់ ឬព្រះវិហារ។ សម្តេចបានបន្ថែមដែរថា ទោះបីពេលនេះ វត្តអារាមខ្លះនៅមានទីធ្លាសម្រាប់ធ្វើចេតិយជូនពុទ្ធបរិស័ទក៏ដោយ ក៏ប៉ុន្តែនៅពេលខាងមុខប្រាកដជាមិនគ្រប់គ្រាន់ ជាហេតុគួរត្រូវគិតគូរទុកជាមុន។

សម្តេចបានគូសបញ្ជាក់ថា៖«ទីអារាមរបស់យើងសម្បូរទៅដោយចេតិយ អ៊ីចឹងសំណាងល្អដែលទីអារាមខ្លះនៅទទួលចេតិយបាន ប៉ុន្តែនៅពេលខាងមុខមិនមានកន្លែងធ្វើចេតិយទេ អ៊ីចឹងតើយើងគួរទេ ពិចារណារួមគ្នាទេ ទៅលើការជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេក ដើម្បីឱ្យពុទ្ធបរិសទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែនៅក្នុងវត្តរបៀបនេះ រើកុដលោកធ្វើចេតិយក៏មានដែរ អ៊ីចឹងទេយើងគួរត្រូវគិតគូរទុកមុនឱ្យហើយ»។ យ៉ាងណា សម្តេចមានប្រសាសន៍បន្តថា នេះគ្រានតែជាការបញ្ចេញមតិយោបល់ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធណាដែលអាចផ្តួចផ្តើមគំនិត អាចធ្វើទៅបាន ក៏គួរតែចាប់ផ្តើមធ្វើ និងពិចារណាផងដែរ៕


