អន្តរជាតិះ- ស្ថានការណ៍រឹតតែតានតឹង ដោយអ៊ុយក្រែន បានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង ដែលការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពរបស់លោក ហ្សេលេនស្គី បាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ចូលដីរុស្ស៊ី ធ្វើឲ្យលោក ពូទីន ក្តៅស្លឹកត្រចៀករួចមកហើយ។
– តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីលបាញ់ដោយអ៊ុយក្រែន គឺបានវាយប្រហារតំបន់ Kursk និង Krasnodar ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីជនស៊ីលរងគ្រោះនោះទេ។
– ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ទីក្រុងឡុងដ៍ មិនទាន់ចេញមុខបញ្ជាក់ឬបដិសេធឡើយ ប៉ុន្តែមានដំណឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស John Healey បានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន កាលពីរាត្រីថ្ងៃអង្គារ។
– ការវាយប្រហារថ្មីនេះ កើតឡើងចំពេលស្ថានការណ៍កំពុងក្តៅគគុក បន្ទាប់ពីអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលក្នុងដីរុស្ស៊ី ជាហេតុនាំឲ្យទីក្រុងមូស្គូ គំរាមសងសឹក។
– ការដែលអ៊ុយក្រែន ហ៊ានបាញ់មីស៊ីលរបស់លោកខាងលិចចូលក្នុងដីរុស្ស៊ី គឺដោយសារមានការបើកភ្លើងខៀវនិងធានាអះអាងពីសំណាក់មេដឹកនាំប្រទេសជាមហាអំណាច ដែលសម្រេចចិត្តបែបនេះ ធ្វើឲ្យវិមានក្រឹមឡាំងរិះគន់កប់ៗមាត់ ហើយអ្នកខ្លះភ័យខ្លាចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចផ្ទុះរាលដាលឈានដល់ការកើតសង្គ្រាមលោកលើកទី៣ទៀតផង។
– ទីក្រុងមូស្គូតែងព្រមានថា ការវាយប្រហារដោយអាវុធលោកខាងលិច ចូលជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវបានចាត់ទុកថា ជាសង្គ្រាមដោយផ្ទាល់រវាងអង្គការណាតូនិងប្រទេសរុស្ស៊ី ខណៈថ្មីៗនេះ លោកពូទីន បានកែប្រែលក្ខខណ្ឌបាញ់នុយក្លេអ៊ែររួចទៅហើយ៕
