ស្រវ៉ឹងស្រាបើករថយន្ដទៅបុករុឺម៉កអេតចាយ បែរជាខឹងអ្នកដែលឈរមើលក៏ប្រើអពើហិង្សា

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ស្រវឹងបើករថយន្តទៅប៉ះរ៉ឺម៉កអេតចាយ បែរជាបញ្ចេញកំហឹងវាយតប់គ្នា ជាមួយអ្នកឈរមើលហេតុការណ៍ទៅវិញ។

– ករណីនេះកើតឡើង កាលពីវេលាម៉ោង១១
និង៤០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។

​ – ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus 450 ពណ៌ស្ករ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2L-7745 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ដោយម្ចាស់រថយន្តបានបើកបរតាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូង ទៅប៉ះ រ៉ឺម៉កអេតចាយ១គ្រឿងដែលចតចោលនៅចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។

​- ប្រភពបានបន្ដទៀតថា ពេលបុករួច បុរសម្នាក់គាត់បានទៅឈរមើលហេតុការណ៍នោះ ដោយឃើញម្ចាស់រថយន្តចុះពីលើរថយន្តរបស់ខ្លួនដោយមិនបានឈ្លោះប្រកែកគ្នាជាមួយភាគីខាងរ៉ឺម៉កទេតែបុរសដែលបើករថយន្ដបង្ក បានមកជេរប្រមាថគាត់ រួចបង្កជម្លោះរហូតឈានដល់ការប្រើហិង្សាជាមួយគាត់ទើបគាត់តដៃវិញ ដោយវាយម្ចាស់រថយន្តនោះឲ្យរបួសតែម្តង ។

​ – ក្រោយពេលកើតហេតុគេឃើញវត្តមានសមត្ថកិច្ចបានចុះមកដល់ រួចក៏បាននាំខ្លួន ភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល៧មករា ទាំងរថយន្ត និងរ៉ឺម៉ក រួមទាំងពលរដ្ឋឃើញហេតុការណ៍ និងម្ចាស់រថយន្តបង្កខាងលើ ទៅធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕

You might like