បុរសម្នាក់បានស្លាប់ ដោយ ​រថយន្តដឹកជ័រកៅស៊ូ វ៉ាជែងមិនផុតជ្រុលទៅបុកម៉ូតូដឹកផ្លែឪឡឹក

ខេត្តរតនគិរី÷ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ រថយន្តកូរ៉េដឹកជ័រកៅស៊ូ និងម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែឪឡឹកលក់ បុកចំពីមុខយ៉ាងពេញទំហឹង ចូលក្រោមរថយន្តទាំងមនុស្សនិងម៉ូតូខ្ទេចខ្ទីសាច់គ្មានសល់ ។

– ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ នៅចំណុចចុះទួលដីឡូតិ៍លោក សុវណ្ណា រិទ្ធ ស្ថិតក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត។

– យោងតាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងម៉ាក Wave Shark ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1C-9140 បើកបរដោយឈ្មោះ ចិន វិរៈ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព បានស្លាប់នៅនិងកន្លែងកើតហេតុ។បន្ទាប់ពីបានធ្វើដំណើរពីលិចទៅកើតខណៈឡើងទួលដឹកផ្លែឪឡឹកពេញ។

– រីឯរថយន្ត១គ្រឿងម៉ាកកូរ៉េ ចំណុះ៥តោន ពណ៌ស បាញ់ថ្នាំខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2821 មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងរថយន្ត១គ្រឿងនៅនិងកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីកើតទៅលិចចុះចំណោទ។

– ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំទីងចាក់ និងកម្លាំងអធិការស្រុកបរកែវ បានចុះមកធ្វើការអន្តរាគមន៍ត្រួតពិនិត្យទីតាំង នៅកន្លែងកើតហេតុ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

– បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿងត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំទីងចាក់ បានរឹបអូសយកមករក្សាទុកបណ្ដោះអាសន្ន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ចរាចរណ៍ផ្លូវគោក៕

 

You might like