អន្តរជាតិះ- ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន GB News កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមានថា ទីក្រុងឡុងដ៍ មិនអាចឱបដៃឈរមើលអ៊ុយក្រែន ចាញ់រុស្ស៊ី ក្នុងសង្គ្រាមបានឡើយ ហើយអាចនឹងបញ្ជូនទ័ពទៅជួយទីក្រុងកៀវ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយមែន។
– លោកព្រមានចំៗថា ការកាត់ជំនួយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ទៅឲ្យទីក្រុងកៀវ ពិតជាមានហានិភ័យណាស់។ លោក ត្រាំ និងបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវខុស ហើយបើអាមេរិកបណ្តោយឲ្យអ៊ុយក្រែនចាញ់ អង់គ្លេសត្រូវតែបង្ខំចិត្តបញ្ជូនទ័ពទៅជួយទីក្រុងកៀវហើយ។

– ការព្រមានរបស់លោក Johnson ធ្វើឲ្យគេនឹកឃើញដល់សេចក្តីរាយការណ៍កាលពីសប្តាហ៍មុនរបស់កាសែត The Telegraph ដែលលើកឡើងថា ចក្រភពអង់គ្លេស រួមជាមួយនឹងបារាំង អាចដុតភ្លើងសង្គ្រាមអ៊ុយក្រែនឲ្យកាន់តែឆេះរោល ដោយសារតែការព្យាយាមបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឲ្យបើកដៃដល់ទីក្រុងកៀវ វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាមួយមីស៊ីលរយៈឆ្ងាយ។
– ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនគ្មានផែនការវាយប្រហារអង្គការណាតូឬសមាជិកណាមួយឡើយប៉ុន្តែក៏គំរាមជាច្រើនលើកមកហើយដែរថា តាមរយៈការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ប្លុកនេះកំពុងបង្កើនហានិភ័យ ប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយទីក្រុងមូស្គូហើយ៕

