អន្តរជាតិះ- ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់កណ្តាលប្រទេសលីបង់ជាកន្លែងដែលគ្រួសារជនភៀសខ្លួនរស់នៅ។
– មនុស្ស ១៥ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងភូមិ Joun និង ៨ នាក់ផ្សេងទៀត នៅជិតភូមិ Baalchmay ។
– ភូមិទាំង ២ ស្ថិតនៅក្នុងតំបន់ភ្នំនៃប្រទេសលីបង់ និងតំបន់ខាងក្រៅ ដែលក្រុមប្រដាប់អាវុធ Hezbollah មានវត្តមានភាគច្រើន នៅទីនោះ ។
– ទន្ទឹមនោះ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលការវាយប្រហារនេះ ដែលកើតឡើងបន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតទៅលើគោលដៅរបស់ក្រុមហេសបូឡាមួយចំនួននៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។
– ដោយឡែក មនុស្ស ២ នាក់ ស្លាប់ ដោយសារការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា នៅក្នុងទីក្រុង Nahariya ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
– ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ច្រានចោលបទឈប់បាញ់ជាមួយក្រុមហេសបូឡា រហូតដល់គោលដៅសង្គ្រាមសម្រេច។
– គួរបញ្ជាក់ថា យោធាអ៊ីស្រាអែល នៅតែបន្តវាយលុកប្រឆាំងនឹងក្រុមហេសបូឡា ដែលខ្លួនចាត់ទុកថាជាអង្គការភេរវជន បន្ទាប់ពីការប្រយុទ្ធឆ្លងដែនជិតមួយឆ្នាំបង្កឡើងដោយសង្រ្គាមនៅហ្គាហ្សា៕
